អន្តរជាតិ៖ ពលរដ្ឋជប៉ុនបានចេញមកធ្វើបាតុកម្មនៅតាមផ្លូវក្នុងក្រុងតូក្យូ ក្រោយពីនៅថ្ងៃទី២៨ ខែកុម្ភៈ សភាតំណាងរាស្ត្រជប៉ុនបានអនុម័តថវិកាប្រចាំឆ្នាំ២០២៣ ចំនួនជាង១១៤លានលានយេន ក្នុងនោះថវិកាសម្រាប់ការពារជាតិស្មើ៦,៨២លានលានយេន ។ ការអនុម័តថវិកានេះធ្វើឱ្យមានការរិះគន់ទូទាំងប្រទេស ហើយមានមនុស្សម្នាចេញមកធ្វើបាតុកម្មដ៏ធំមួយដើម្បីសម្តែងការមិនពេញចិត្តចំពោះរដ្ឋាភិបាល និងអំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តគោលនយោបាយដោយសន្តិវិធី ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន pptvhd36 នៅថ្ងៃទី០៤ មីនា ២០២៣។
បាតុករម្នាក់លើកឡើងថា រដ្ឋាភិបាលជប៉ុនប្រញាប់អនុម័តថវិកាពាក់ព័ន្ធនឹងផ្នែកការពារជាតិ ហើយវាជាចំណុចផ្លាស់ប្តូរប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេស ខណៈពួកគេមិនបានរៀនសូត្រពីប្រវត្តិសាស្ត្រទេ ហើយខ្លាចរឿងនេះអាចជាចំណុចចាប់ផ្តើមកើតសង្គ្រាមម្តងទៀត ដោយរដ្ឋាភិបាលជប៉ុនកំពុងតែដើរខុសផ្លូវ ។
ក្រៅពីនេះ ក្រុមបាតុករបញ្ជាក់ថា ការបន្ថែមថវិកាក្នុងផ្នែកការពារជាតិនឹងបង្កើនបន្ទុកពន្ធដល់ពលរដ្ឋជប៉ុន ហើយអាចធ្វើឱ្យប៉ះពាល់ដល់ការកាត់បន្ថយថវិកាសម្រាប់ការចំណាយផ្សេងៗដូចជា ការចំណាយចាំបាច់ក្នុងជីវភាពរស់នៅរបស់ពលរដ្ឋ ។
កាលពីខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលជប៉ុនបានអនុម័តឯកសារគោលនយោបាយសន្តិសុខចំនួន៣ច្បាប់ដូចជា យុទ្ធសាស្ត្រសន្តិសុខជាតិ, គោលការណ៍ណែនាំគម្រោងការពារជាតិ និងគម្រោងការពារប្រទេសរយៈពេលមធ្យម ។ ការអនុម័តនេះចាត់ទុកថា ជាចំណុចរបត់មួយរបស់ជប៉ុនក្នុងផ្នែកនយោបាយសន្តិសុខ និងការការពារប្រទេស បន្ទាប់ពីសង្គ្រាមលោកលើកទី២៕