បរទេស៖ រដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី អានីតា អាណន់ បានប្រកាសថា ប្រទេសរបស់លោកស្រីនឹងបរិច្ចាគរថពាសដែកចំនួន ២០០គ្រឿងដល់អ៊ុយក្រែន សម្រាប់កញ្ចប់ជំនួយយោធាថ្មីមួយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ មករា ២០២៣។
លោកស្រី អាណាន់ បានធ្វើសេចក្តីប្រកាសបែបនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ទីក្រុងកៀវ ហើយរថពាសដែកទាំងនេះត្រូវបានទិញពី Roshel ដែលជាក្រុមហ៊ុនកាណាដាមានមូលដ្ឋាននៅរដ្ឋ Ontario មានតម្លៃជាង ៩០លានដុល្លារកាណាដា ឬប្រមាណ ៧២លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា ជំនួយយោធារបស់កាណាដា ដែលបានប្តេជ្ញាចិត្តផ្តល់ឱ្យអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ក្នុងនោះរួមមានប្រព័ន្ធមីស៊ីលបាញ់ពីដីគោកទៅអាកាសកម្រិតខ្ពស់ ជាមួយនឹងអាវុធដែលពាក់ព័ន្ធ, រថពាសដែកប្រយុទ្ធ ៣៩គ្រឿង, អាវុធប្រឆាំងរថក្រោះ, ប្រព័ន្ធកាំភ្លើងធំ M777 Howitzers និងគ្រាប់រំសេវជាដើម៕RT