ទួរគី៖ ក្រុមអ្នកជួយសង្គ្រោះដ៏ច្រើនលើសលប់បានព្យាយាមជួយសង្គ្រោះមនុស្សដែលជាប់នៅក្រោមគំនរបាក់បែក ខណៈដែលចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងក្លានៅក្នុងប្រទេសទួរគី និងស៊ីរី បានកើនឡើងដល់ទៅ 4,400នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ កុម្ភៈ ២០២៣។

ការរញ្ជួយដីកម្រិត 7.8 រ៉ិចទ័របានវាយប្រហារប្រទេសតួកគី និងប្រទេសជិតខាងស៊ីរីកាលពីព្រឹកថ្ងៃចន្ទ ដោយបានបំផ្លិចបំផ្លាញអគាររាប់ពាន់រួមទាំងប្លុកផ្ទះល្វែងជាច្រើន បំផ្លាញមន្ទីរពេទ្យ និងបណ្តាលឱ្យមនុស្សរាប់ពាន់នាក់រងរបួស ឬគ្មានផ្ទះសម្បែង។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន (AFAD) របស់ប្រទេសតួកគី បាននិយាយថា នៅក្នុងប្រទេសទួរគី ចំនួនអ្នកស្លាប់បានកើនឡើងដល់ 2,921 នាក់ហើយ។

ចំនួនអ្នកស្លាប់នៅក្នុងប្រទេសស៊ីរីដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមជាង 11 ឆ្នាំរួចទៅហើយ មានចំនួនច្រើនជាង 1,500 នាក់ នេះបើយោងតាមរដ្ឋាភិបាលស៊ីរី និងសេវាជួយសង្គ្រោះនៅភាគពាយព្យដែលកាន់កាប់ដោយក្រុមបះបោរ។

គួរបញ្ជាក់ផងដែរថា ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសតួកគី បង្កការរារាំងដល់ការជួយកិច្ចខិតខំប្រឹងប្រែងសង្គ្រោះមនុស្សពីគ្រោះរញ្ជួយដី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ