អន្តរជាតិ៖ ក្រោយការកើតជម្លោះដ៏រ៉ាំរ៉ៃ និង ជូរចត់បំផុត អស់រយៈពេលយ៉ាងយូរនោះមក ក្រុមមន្រ្ដីអ៊ីស្រាអែល និង ប៉ាឡេស្ទីន ក៏បានចូលតុចរចា នៅក្នុងប្រទេសហ្សកដានី ហើយភាគីទាំង២ បានឈានដល់កិច្ចព្រមព្រៀងគ្នាមួយ ដើម្បីបញ្ចៀសនូវអំពើហិង្សា ប៉ុន្ដែត្រូវបានក្រុមហាម៉ាស់ ចាត់ទុកថា គ្មានតម្លៃអ្វីទាំងអស់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៧ កុម្ភៈ ២០២៣។

បើតាមសេចក្ដីថ្លែងការណ៍មួយ បានបញ្ជាក់ ថា អ៊ីស្រាអែល បានយល់ព្រមបញ្ឈប់នូវការអនុញ្ញាតឲ្យមានការតាំងទីលំនៅ ដោយខុសច្បាប់ នៅតំបន់ West Bank ដែលកាន់កាប់ អស់រយៈពេល៦ខែមកនេះ។ ជាមួយគ្នានេះ ក្រុមមន្រ្ដីប៉ាឡេស្ទីន និង អ៊ីស្រាអែល បានសន្យាអនុវត្តនូវវិធានការ កាត់បន្ថយនូវអំពើហិង្សា ដែលកំពុងកើនឡើង ក្រោយកិច្ចចរចា នៅក្នុងប្រទេសហ្ស៊កដានី។

សេចក្ដីថ្លែងការណ៍រួមនេះ បានកើតឡើង នៅចុងបញ្ចប់កិច្ចប្រជុំមួយ ដោយមានការចូលរួមពីក្រុមមន្រ្ដីសហរដ្ឋអាមេរិក អេហ្ស៊ីប និង ហ្សកដានី ចំពេលមានការព្រួយបារម្ភ អំពីការកើនឡើងនូវអំពីហិង្សា នៅក្នុងបុណ្យរ៉ាម៉ាដាន់ (Ramadan) ដែលនឹងចាប់ផ្ដើម នៅចុងខែមីនា។ 

ស្របគ្នានេះ អាជ្ញាធរអ៊ីស្រាអែល និង ប៉ាឡេស្ទីន បានសង្កត់ធ្ងន់ ទៅលើការត្រៀមខ្លួនរួមគ្នា និង ការប្តេជ្ញាចិត្ត សម្រាប់ធ្វើការភ្លាមៗ ដើម្បីបញ្ឈប់វិធានការឯកតោភាគី សម្រាប់រយៈពេលចន្លោះពី៣ទៅ៦ខែ។

ដោយឡែក ក្រុមហាម៉ាស់ (Hamas) គ្រប់គ្រងនៅតំបន់ហ្កាហ្សាស្ដ្រីប (Gaza Strip) ដែលហ៊ុមព័ទ្ធ ដោយដែនដីរបស់អ៊ីស៊្រាអែល បានថ្កោលទោសដល់អាជ្ញាធរប៉ាឡេស្ទីន ដែលមានមូលដ្ឋាន នៅ West Bank (វេស្ដបែង) ចំពោះការចូលរួមកិច្ចចរចានេះ។ មន្រ្ដីហាម៉ាស់មួយរូប បានបញ្ជាក់ ថា កិច្ចចរចានេះ គ្មានតម្លៃ ហើយនឹងមិនមានអ្វីផ្លាស់ប្ដូរនោះឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ