ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ឆ្នាំ២០២៣ គ្រោងចំណាយថវិកាជាង ១ពាន់លានដុល្លារ
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត បានថ្លែងបញ្ជាក់ថា ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ- បាវិត នឹងបើកការរដ្ឋានសាងសង់នៅក្នុងឆ្នាំ ២០២៣ខាងមុខនេះ ជាមួយនឹងការប្រើប្រាស់ថវិកាសាងសង់ចំនួន ១ ៦៣៨លានដុល្លារ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (FA) សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅក្រុងបាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅទីស្តីការក្រសួង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «ផ្លូវល្បឿនលឿននេះមានចំងាយ ១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ដែលគិតទាំងស្ពាន និងផ្លូវប្រហែលជា ៥គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងបណ្តាក់ទុកប្រមាន ១ ៦៣៨លានដុល្លារ ដែលមានទំហំតិចជាងក្រុងព្រះសីហនុ តែប្រវែងផ្លូវក៏ខ្លីជាផ្លូវល្បឿនលឿន ក្រុងព្រះសីហនុផងដែរ ដែលផ្លូវនេះគ្រោងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧»៕