ការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ីសម្លាប់មនុស្ស៧នាក់ និងរាប់សិបនាក់រងរបួស នៅភាគខាងកើតអ៊ុយក្រែន
ក្រុងកៀវ៖យ៉ាងហោចណាស់មនុស្ស ០៧នាក់បានស្លាប់ និង ៨៨នាក់បានរងរបួស បន្ទាប់ពីកាំជ្រួចរុស្ស៊ីពីរគ្រាប់ បានវាយប្រហារអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង Pokrovsk ភាគខាងកើតអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី០៩ មិថុនា ២០២៣។
លោក Pavlo Kyrylenko អភិបាលក្រុង Donetsk បាននិយាយថាការវាយប្រហារលើកទីមួយបានសម្លាប់ជនស៊ីវិល 5 នាក់ ហើយមន្ត្រីម្នាក់មកពីសេវាសង្គ្រោះបន្ទាន់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើកទីពីរ។ លោកបានបន្តថា កាំជ្រួចដែលបានវាយប្រហារក្នុងរយៈពេល 40 នាទី បានធ្វើឱ្យអគារ ផ្ទះសណ្ឋាគារ កន្លែងទទួលទានអាហារ ហាង និងអគាររដ្ឋបាលរងការខូចខាត។
មនុស្សរាប់សិបនាក់បានរងរបួស រួមទាំងមន្រ្តីប៉ូលីស និងក្រុមអ្នកជួយសង្គ្រោះផងដែរ។ កុមារពីរនាក់ ស្ថិតក្នុងចំណោមជនស៊ីវិលជាង ៣០ នាក់ ដែលរងរបួស។
មីសុីល Iskander គឺជាមីស៊ីលផ្លោង ដែលមានរយៈចម្ងាយរហូតដល់ 500 គីឡូម៉ែត្រ។ មីសុីលនីមួយៗមានតម្លៃប្រហែល ៣ លានដុល្លារ មានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ មីសុីល Iskanders ដែលត្រូវបានចាត់ទុកថាជាអាវុធទំនើបបំផុតដែលកាន់កាប់ដោយយោធារុស្ស៊ី រួមទាំងសមត្ថភាពក្នុងការបញ្ចៀសប្រព័ន្ធការពារដែនអាកាស។
ប្រធានាធិបតី Volodymyr Zelensky បានសម្តែងការខឹងសម្បារ និងថ្កោលទោសចំពោះការវាយប្រហាររបស់រុស្ស៊ីនៅលើ Twitter ។
គួរជម្រាបថា Pokrovsk ស្ថិតនៅចម្ងាយប្រហែល 70km ភាគពាយព្យនៃទីក្រុង Donetsk ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី។ ដែលនៅមុនពេលសង្រ្គាមមានប្រជាជនរស់នៅប្រហែល 60,000 នាក់៕