វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រកាសផ្ដល់ជំនួយយោធាបន្ថែមចំនួន ៤២៥លានដុល្លារទៅកាន់អ៊ុយក្រែន ដោយជំនួយនេះក៏រួមមាននូវគ្រឿងសព្វាវុធ និងរថក្រោះសម្រាប់ការធ្វើសង្គ្រាមតទល់នឹងរុស្ស៊ីផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០៤ វិច្ឆិកា ២០២៣។
គ្រឿងសព្វាវុធ រថក្រោះ គ្រាប់រំសេវ និងអាវុធផ្សេងៗ ដែលមានតម្លៃស្មើនឹង ១២៥លានដុល្លារ ត្រូវបានដកចេញពីស្ដុកអាវុធដែលមានស្រាប់របស់សហរដ្ឋអាមេរិក ខណៈគ្រឿងអាវុធផ្សេងទៀតដែលមានតម្លៃស្មើ ៣០០លានដុល្លារត្រូវបានផ្គត់ផ្គង់តាមរយៈគម្រោង USAI ដែលអនុម័តដោយសភាអាមេរិក ដើម្បីគាំទ្រដល់អ៊ុយក្រែនជាបណ្ដោះអាសន្ន។
យ៉ាងណាមិញ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ មន្ទីរបញ្ចកោណបានបញ្ជាក់ថា កញ្ចប់ថវិកាជំនួយ ៤២៥លានដុល្លារចុងក្រោយនេះ បានជះឥទ្ធិពលដល់ការរក្សាទុកនូវមូលនិធិជំនួយដល់អ៊ុយក្រែនដែលនៅសេសសល់។ មន្ទីរបញ្ចកោណក៏បានលើកឡើងថា ការផ្ដល់សព្វាវុធទៅកាន់អ៊ុយក្រែនអាចជួយទប់ស្កាត់ការរីករាលដាលនៃជម្លោះ និងពង្រឹងវិស័យយោធារបស់សហរដ្ឋអាមេរិក ព្រមទាំងបង្កើតការងារដល់ពលរដ្ឋអាមេរិកផងដែរ។
មកទល់ពេលនេះ សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយផ្នែកសន្ដិសុខជាតិដ៏ធំរបស់ប្រទេសអ៊ុយក្រែន។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយប្រមាណ ៤៤,២ពាន់លានដុល្លារហើយ ខណៈដែលស្ថានភាពសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ីហាក់ពុំមានវឌ្ឍនភាពសោះ។ ការណ៍នេះបានធ្វើឱ្យអ្នកនយោបាយមកពីបក្សសាធារណរដ្ឋកាន់ច្រើនចាប់ផ្ដើមមានមន្ទិលនឹងការសម្រេចរបស់លោក បៃដិន ក្នុងការបន្ដផ្ដល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែន៕
អត្ថបទទាក់ទង
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង