បាងកក៖ នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក សេតថា ថាវីស៊ីន បាននិយាយថា លោក ប្រាយុទ្ធ ចាន់អូចា បានស្នើសុំឲ្យគាត់ធ្វើយ៉ាងណាខិតខំពុះពារបញ្ចៀស និងកុំឲ្យកើតមានជម្លោះ ដើម្បីអាចឲ្យប្រទេសជាតិដើរឆ្ពោះទៅមុខបាន ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Thai PBS នៅថ្ងៃទី២៥ មិថុនា ២០២៣។
លោក សេតថា បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីត្រឡប់មកទីស្នាក់ការគណបក្សភឿថៃវិញថា “ក្នុងអំឡុងពេលកិច្ចពិភាក្សានោះ លោក ប្រាយុទ្ធ បានស្នើសុំឲ្យខ្ញុំថែរក្សាការពារប្រទេស ប្រជាជន សាសនា និងព្រះមហាក្សត្រ ជាពិសេសគាត់ក៏សុំឲ្យខ្ញុំបន្តគោលនយោបាយល្អៗរបស់គាត់ផងដែរ” ។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សារយៈពេលជិត ១ម៉ោងជាមួយលោក ប្រាយុទ្ធ រួចហើយ អតីតឧកញ៉ាអចលនទ្រព្យវ័យ ៦១ ឆ្នាំរូបនេះបន្ថែមទៀតថា “លោក ប្រាយុទ្ធ បានប្រាប់ឲ្យខ្ញុំគួរតែអត់ធ្មត់ និងស្ងាត់ស្ងៀម និងធ្វើយ៉ាងណាដោះស្រាយបញ្ហាជម្លោះដែលកើតមានកន្លងមក នៅពេលដែលខ្ញុំដឹកនាំប្រទេសថៃ” ។
ទន្ទឹមនោះ លោក សេតថា បានពណ៌នាថា “លោក ប្រាយុទ្ធ ជាមនុស្សចាស់គួរគោរព និងល្អម្នាក់ ហើយក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីទើបតែងតាំងថ្មី និងជាអ្នកជំនាន់ក្រោយរបស់លោក ប្រាយុទ្ធ ដូច្នេះខ្ញុំក៏បង្ហាញកាយវិការដ៏សមរម្យមួយ គឺការទៅសួរសុខទុក្ខ និងសុំយោបល់ពីលោក ប្រាយុទ្ធ នេះឯង” ។
គួរបញ្ជាក់ថា ក្រោយជួបពិភាក្សាជាមួយលោក ប្រាយុទ្ធ នៅវិមានរដ្ឋាភិបាលរួចហើយ លោក សេតថា ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្ត្រីថ្មីកាលពីថ្ងៃទី២៣ ខែសីហា ក៏បានដើរមើលបន្ទប់នាយករដ្ឋមន្ត្រី និងអគារមួយចំនួនផងដែរ ហើយនេះជាលើកទី១ ដែលនាយករដ្ឋមន្ត្រីទាំងពីរ បានជួបពិភាក្សាគ្នាដើម្បីផ្លាស់ប្តូរទស្សនៈយោបល់អំពីប្រទេសជាតិ មុនពេលការផ្ទេរអំណាចជាផ្លូវការ ៕