(ថៃ)៖ ក្រោយពីមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ពាក់ព័ន្ធសណ្ធាគារមួយកន្លែងស្ថិតនៅកោះផែង ប្រទេសថៃ បានលួចយករចនាបទប្រាសាទអង្គរវត្ត ប្រាសាទបាយ័នជាដើម ទៅសាងសង់ឡើង បង្កអោយមានការភ័ណ្ឌច្រឡំ ហើយមានមតិខ្លះបានលើកឡើងថា តើការសាងសង់នេះ មានបានសុំភាគីកម្ពុជាឬទេ? តែនៅពេលនេះ ភាគីម្ចាស់សណ្ធាគារនោះ បានចេញមុខសុំទោសចំពោះប្រជាជនកម្ពុជាចំពោះការការសាងសង់សណ្ធាគារនេះ ដែលធ្វើអោយប្រជាជនកម្ពុជាមួយចំនួនយល់ថាមិនសមរម្យ។ នេះបើយោងតាមការចេញផ្សាយដោយបាងកកប៉ុស្តិ៍។ 

អត្ថបទក្នុងការសែតបាងកកប៉ុស្តិ៍បានរៀបរាប់ថា សណ្ឋាគារឡឺផាសៃបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃអាទិត្យថា“ យើងមានការសោកស្តាយយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលយើងធ្វើគ្រាន់តែចង់បញ្ជាក់ពីចក្ខុវិស័យដែលចេញពីបេះដូងនិងគោលបំណងរបស់ស្ថាបនិករបស់យើង” ។ ''សណ្ឋាគារ Le Palais គឺត្រូវបានបំផុសគំនិតដោយភាពអស្ចារ្យនៃប្រាសាទអង្គរវត្តដែលមានទីតាំងដើមនៅប្រទេសកម្ពុជា។ ប្រទេសកម្ពុជាជាមាតុភូមិរបស់យើងហើយតែងតែស្ថិតនៅកន្លែងពិសេសមួយនៅក្នុងបេះដូងរបស់យើង។ ថៃជាផ្ទះទី ២ ដែលយើងបានរកឃើញសម្រាប់សុខភាពផ្លូវចិត្តនៅក្នុងទឹកដីនៃស្នាមញញឹម''។"យើងបានបើកដំណើរការសណ្ឋាគារដោយភាពស្ញប់ស្ញែង ការពេញចិត្ត និងចំណង់ចំណូលចិត្តចំពោះសិល្បៈដ៏អស្ចារ្យនេះ។ សំណង់ ការតុបតែងនៅទីនេះត្រូវបានធ្វើឡើងដោយដៃនិងបេះដូងរបស់ ក្រុមការងារថៃនិងកម្ពុជា''។ ហើយទោះយ៉ាងណាភាពអស្ចារ្យនឹងនៅតែស្ថិតលើប្រាសាទអង្គរវត្តដ៏អស្ចារ្យ ដែលមិនអាចប្រៀបធៀបបាន។ 

កាសែតបាងកកប៉ុស្តិ៍ បញ្ជាក់បន្ថែមថា ខ្លួនមិនអាចធ្វើការទាក់ទងដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេពីសំណាក់ម្ចាស់សណ្ឋាគារ ។ តែអ្វីដែលគេបានដីងច្បាស់នោះគឺសណ្ឋាគារនេះកម្មសិទ្ធិរបស់ប្តីប្រពន្ធជនជាតិខ្មែរដែលប្តីមានសញ្ជាតិបារាំងហើយមានភាគហ៊ុនធំនៃសណ្ឋាគារនេះ។ គួរបញ្ជាក់បន្ថែមថា កាសែតបាងកកប៉ុស្តិ៍ បានធ្វើការសម្ភាសន៍លោក Vichai Khongmun ជាប្រធានសមាគមទេសចរណ៍កោះផេង  លោកមានប្រសាសន៍ថាសណ្ឋាគារនេះត្រូវបានសាងសង់ក្នុងឆ្នាំ ២០១៤ និងគោរពតាមបទប្បញ្ញត្តិសាងសង់។លោកបានមានប្រសាសន៍ថា“ ម្ចាស់ត្រូវបានបំផុសគំនិតរបស់ពួកគេពីប្រាសាទអង្គរវត្ត ហើយជាការលើកទឹកចិត្តដល់ភ្ញៀវទេសចរឱ្យទៅទស្សនាកន្លែងពិតនៅកម្ពុជា” ៕HR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ