អន្តរជាតិ៖ ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Micron Technology របស់សហរដ្ឋអាមេរិកប្រចាំទីក្រុងសៀងហៃ បច្ចុប្បន្នកំពុងរងសម្ពាធពីប្រទេសចិន ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៣។

រដ្ឋបាលសន្តិសុខតាមអ៊ីនធឺណិតរបស់ចិន (CAC) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផលិតផលរបស់ក្រុមហ៊ុន Micron មានបញ្ហាសុវត្ថិភាពខ្ពស់ ដែលបង្កហានិភ័យសន្តិសុខដ៏សំខាន់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និងប៉ះពាល់ដល់សន្តិសុខជាតិរបស់ប្រទេសចិន។ ក្នុងឆ្នាំ២០២១ ប្រទេសចិនបានប្រកាសច្បាប់ការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ជាមួយនឹងតម្រូវការការពារសុវត្ថិភាពទិន្នន័យកាន់តែតឹងរ៉ឹង។ 

ហើយថ្មីៗនេះ ចិនក៏បានពង្រឹងការអនុវត្តផ្នែកសុវត្ថិភាពទិន្នន័យ និងច្បាប់ប្រឆាំងចារកម្មផងដែរ។ នៅឆ្នាំ២០២១ ប្រទេសចិនបាននាំចូលបន្ទះឈីបមានតម្លៃ៤៣០ពាន់លានដុល្លារ។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Micron បានបង្ហាញថា ប្រហែល១០ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំ៣០,៨ពាន់លានដុល្លាររបស់ Micron កាលពីឆ្នាំ២០២២ បានមកពីប្រទេសចិន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ