អាមេរិក រឹតបន្តឹងការវិនិយោគបច្ចេកវិទ្យានៅក្នុងប្រទេសចិន ក្រោមហេតុផលការពារសន្តិសុខជាតិ
អាមេរិក៖ រដ្ឋបាលលោក ចូ បៃដិន បានដាក់ចេញនូវការរឹតបន្តឹងថ្មីលើការវិនិយោគរបស់អាមេរិកនៅក្នុងឧស្សាហកម្មជឿនលឿនមួយចំនួននៅក្នុងប្រទេសចិន។ ថ្វីត្បិតថានេះ ជាទង្វើក្នុងការការពារសន្តិសុខជាតិ ប៉ុន្តែច្បាស់ណាស់ថាវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី១០ មិថុនា ២០២
ជាមួយគ្នានេះការរឹតបន្តឹងរបស់អាមេរិកនឹងរារាំងដល់ក្រុមហ៊ុនមូលធនឯកជន និងក្រុមហ៊ុនបណ្តាក់ទុននានាជាពិសេសក្នុងវិស័យបច្ចេកវិទ្យាខ្ពស់មួយចំនួន។ទាំងនេះនឹងរួមបញ្ចូលទាំង quantum computing បញ្ញាសិប្បនិម្មិត (Artificial Intelligent) និង semiconductors កម្រិតខ្ពស់ផងដែរ។
ការរឹតត្បិតនេះក៏នឹងតម្រូវឱ្យក្រុមហ៊ុនដែលធ្វើការវិនិយោគក្នុងវិស័យឧស្សាហកម្មចិនយ៉ាងទូលំទូលាយ រាយការណ៍ពីសកម្មភាពរបស់ពួកគេ ដោយធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលដឹងពីការធ្វើទំនាក់ទំនងផ្នែកហិរញ្ញវត្ថុរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ប៉ុន្តែមន្ត្រីរបស់លោក Biden បានសង្កត់ធ្ងន់ថា ការរឹតបន្តឹងទាំងស្រុងលើការវិនិយោគនឹងកំណត់គោលដៅរួមតូចក្នុងវិស័យមួយចំនួន ដែលអាចផ្ដល់ជំនួយដល់យោធាចិន ឬរដ្ឋក្នុងការឃ្លាំមើល នៅពេលពួកគេស្វែងរកការប្រយុទ្ធប្រឆាំងណាមួយ ដែលអាចគំរាមកំហែងផ្នែកសន្តិសុខ។ ប៉ុន្តែវានឹងមិនរំខានដល់អាជីវកម្មស្របច្បាប់ជាមួយប្រទេសចិននោះទេ។
បន្ថែមពីនេះទៀត នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ មន្ត្រីរបស់លោក Biden ក៏បានអះអាងដែរថា សកម្មភាពគោលដៅដែលធ្វើឡើងប្រឆាំងនឹងប្រទេសចិននាពេលនេះ គឺសំដៅលើការការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកសុទ្ធសាធ មិនមែនដើម្បីបំផ្លាញសេដ្ឋកិច្ចចិននោះទេ។ ប៉ុន្តែយ៉ាងណា រដ្ឋបាលលោក Biden បានបន្តជំរុញឱ្យមានការគិតគូពីខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗ ដោយរកអ្នកផ្គត់ផ្គង់ផ្សេងក្រៅប្រទេសចិន។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏បានបង្កើនការរឹតបន្តឹងការនាំចេញរបស់ខ្លួន លើបច្ចេកវិទ្យាមួយចំនួនទៅប្រទេសចិន ក្នុងនោះរួមមានឧបករណ៍ semiconductors សម្រាប់កុំព្យូទ័រកម្រិតខ្ពស់ផងដែរ៕RT