អន្តរជាតិ៖ អ្នកការទូតកំពូលរបស់ចិន លោក Wang Yi កំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ខណៈសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូ គឺទីក្រុងប៉េកាំង កំពុងរងការចោទប្រកាន់ថា បានគាំទ្ររុស្ស៊ីដោយប្រយោលចំពោះសង្គ្រាមនៅអ៊ុយក្រែន ទោះមានការបដិសេធក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី១៩ កញ្ញា ២០២៣។
បន្ទាប់ពីជំនួបកាលពីថ្ងៃចន្ទ រវាងលោក Wang និងសមភាគី Sergei Lavrov, ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាលម្អិតអំពីស្ថានភាពនៅអ៊ុយក្រែន ហើយបានកត់សម្គាល់ពីភាពឥតប្រយោជន៍នៃការប៉ុនប៉ងដោះស្រាយវិបត្តិ ដោយមិនគិតពីរុស្ស៊ី។
ស្របពេលជាមួយគ្នានោះ យោងតាមក្រសួងការបរទេសចិន លោក Wang នឹងស្ថិតនៅក្នុងប្រទេសរុស្ស៊ីរយៈពេល៤ថ្ងៃសម្រាប់ ការពិគ្រោះយោបល់សន្តិសុខជាយុទ្ធសាស្ត្រ។ រឿងនេះកើតឡើង បន្ទាប់ពីលោក ពូទីន ជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចំពេលអាមេរិក បារម្ភថា អ្នកទាំងពីរ អាចនឹងឈានដល់កិច្ចព្រមព្រៀងអាវុធមួយ។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់លោក Wang ក៏នឹងត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗផងដែរ។
កាលពីដើមខែនេះ លោក ពូទីន និយាយថា គាត់នឹងជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ប៉ុន្តែមិនបានបញ្ជាក់ថានៅពេលណាទេ។ អ្នកសង្កេតការណ៍ខ្លះជឿថា គាត់ទំនងជា ចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវនៅខែក្រោយ។
លោក ពូទីន មិនបានធ្វើដំណើរទៅក្រៅប្រទេសឡើយ ចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចេញដីកាចាប់ខ្លួនក្នុងខែមីនាពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។ គាត់បានចេញដំណើរទៅកាន់ទឹកដីបរទេសលើកចុងក្រោយ កាលពីខែធ្នូឆ្នាំ២០២២ នៅពេលគាត់បំពេញទស្សនកិច្ចប្រទេសបេឡារុស និងកៀហ្ស៊ីស៊ីស្ថាន៕