វ៉ាស៊ីនតោន៖ ទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលទៅលើការផ្តល់ប្រព័ន្ធមីស៊ីលដ៏មានអានុភាព ដើម្បីជួយបំបែកការបិទផ្លូវរបស់កងទ័ពជើងទឹករុស្ស៊ីនៅកំពង់ផែអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅទី២០ ខែឧសភា ឆ្នាំ២០២២។
បើតាមក្រុមមន្ត្រីអាមេរិក សេតវិមានរបស់លោក ចូ បៃដិន មានបំណងបញ្ជូនមីស៊ីលប្រឆាំងនាវាចម្បាំងទៅឱ្យកងទ័ពអ៊ុយក្រែន ដើម្បីបំបែកការឡោមព័ទ្ធ និងការបិទខ្ទប់ច្រកសមុទ្រពីសំណាក់កងទ័ពជើងទឹករុស្ស៉ី នៅចំពោះមុខការព្រួយបារម្ភថា ការផ្ដល់អាវុធដែលអាចបាញ់ពន្លិចនាវាចម្បាំងរុស្ស៉ី នឹងធ្វើឱ្យជម្លោះកាន់តែឡើងកម្ដៅថែមមួយកម្រិតទៀត។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិងកំពុងបញ្ចុះបញ្ចូលចាប់តាំងពីខែមេសា ដល់អ្នកគាំទ្ររបស់ប្រទេសខ្លួននៅលោកខាងលិច ដើម្បីផ្តល់មីស៊ីលប្រឆាំងនាវាចម្បាំងពីរប្រភេទ គឺមីស៊ីល ហាពូន (Harpoon) ឬមីស៊ីលផ្សេងទៀតដែលមានសមត្ថភាពស្រដៀងគ្នា។RT