ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបចំពោះជនមួយចំនួនដែលបានលើកឡើងថា ការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ខាងមុខនេះ ខុសនឹងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬរដ្ឋធម្មនុញ្ញ មិនបានកំណត់ថា កម្ពុជាត្រូវមានគណបក្សប្រឆាំងនោះទេ។ រដ្ឋធម្មនុញ្ញគ្រាន់តែកំណត់អំពីលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សប៉ុណ្ណោះ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ឥឡូវសួរបន្តិចទៅចុះ លោកឯងឆ្លើយឱ្យរួច ក្នុងកិច្ចព្រមព្រៀងប៉ារីស មានដាក់ពាក្យត្រូវតែមានបក្សប្រឆាំងទេ? ក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន តើមានដាក់ថាបក្សប្រឆាំងហើយឈ្មោះ "អាភ្លើងចន្លុះ" នេះទេ?»។

សម្តេចបន្តថា៖ «គេគ្រាន់តែនិយាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សទេតើ គេអត់និយាយថា ត្រូវតែមានបក្សប្រឆាំងនោះទេ គេកំណត់ថាប្រជាធិបតេយ្យសេរីពហុបក្ស គេនិយាយប៉ុណ្ណឹងតើ ម៉េចក៏ហ្អែងថាខុសជាមួយកិច្ចព្រមព្រៀងក្រុងប៉ារីស ខុសនឹងរដ្ឋធម្មនុញ្ញ តើរដ្ឋធម្មនុញ្ញបានចែងទេ»។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសទទួលយកការសម្រេចនេះ ខណៈគណបក្សប្រមាណជាង១០ផ្សេងទៀត បានគាំទ្រសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងគ.ជ.ប៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ