បូហ្គោតា៖ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាល បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣៤នាក់បានស្លាប់នៅពេលដែលការរអិលបាក់ដីបានកប់ឡានក្រុងមួយ នៅភាគពាយព្យនៃប្រទេសកូឡុំប៊ី។នេះបើយោងតាមការចុះដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៦ ធ្នូ ២០២២។
ទីភ្នាក់ងារជាតិគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ (UNGRD) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃអាទិត្យ បានបុកលើរថយន្តក្រុងនៅលើផ្លូវរវាងភូមិ Pueblo Rico និង Santa Cecilia ក្នុងខេត្ត Risaralda ដែលមានចម្ងាយប្រហែល ២៣០គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី បូហ្គោតា ។
ក្រុមអ្នកជួយសង្គ្រោះបានជីកកកាយដីភក់ ដើម្បីរកអ្នកនៅរស់ ហើយអាជ្ញាធរបាននិយាយថា មនុស្ស៩ នាក់ត្រូវបានជួយសង្គ្រោះនៅរស់។ អភិបាលខេត្ត Risaralda លោក Victor Tamayo បាននិយាយថា ម្នាក់ក្នុងចំណោមនោះ ក៏មានក្មេងស្រីអាយុ ៧ឆ្នាំដែលត្រូវបានគេរកឃើញថា ជាប់នឹងម្តាយដែលបានស្លាប់។
ប្រធានាធិបតីកូឡុំប៊ី លោក ហ្គូសា្តវ៉ូ ប៉េត្រូ (Gustavo Petro) ក៏បានចាត់ទុកហេតុការណ៍នេះជាមហន្តរាយ មួយផងដែរជាមួយការចូលរួមរំលែកមរណទុក្ខដល់គ្រួសារជនរងគ្រោះ និងសន្យាផ្ដល់ការគាំទ្រពីរដ្ឋាភិបាល៕RT