តូក្យូ៖ អង្គការណាតូនឹងបង្កើតការិយាល័យទំនាក់ទំនងនៅទីក្រុងតូក្យូក្នុងឆ្នាំ២០២៤ ដើម្បីប្រើប្រាស់វាជាមជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ១៤ មិថុនា ២០២៣។

អង្គការណាតូនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយដៃគូធំៗចំនួនបួនរបស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិក ហើយរៀបចំឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយពួកគេនីមួយៗ ដើម្បីបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការ លើបញ្ហាដូចជាសន្តិសុខអ៊ីនធឺណិត និងអវកាស។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនកាលពីខែមករាកន្លងទៅ ប្រធានអង្គការណាតូ លោក Jens Stoltenberg បានសន្យាជាមួយនាយករដ្ឋមន្ត្រី លោក Fumio Kishida ក្នុងការពង្រឹងទំនាក់ទំនង ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខ «ជាប្រវត្តិសាស្ត្រ» ដោយលើកឡើងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការកើនឡើងនៃអំណាចយោធារបស់ចិន។

កាលពីខែឧសភា ឯកអគ្គរាជទូតជប៉ុនប្រចាំសហរដ្ឋអាមេរិក បាននិយាយថា សម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក (ណាតូ) គ្រោងនឹងបង្កើតការិយាល័យនៅទីក្រុងតូក្យូ ដែលជាកន្លែងដំបូងគេនៅអាស៊ី ដើម្បីជួយសម្រួលដល់ការពិគ្រោះយោបល់ក្នុងតំបន់ ប៉ុន្តែប្រធានាធិបតីបារាំង លោក Emmanuel Macron បានបដិសេធផែនការនេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ