លោក វ្ល៉ាឌីមៀ ពូទីន ៖ រុស្ស៊ីវ៉ាដាច់អាល្លឺម៉ង់ក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៥ របស់ពិភពលោក
មូស្គូ៖ មេដឹកនាំរុស្ស៊ីបាននិយាយថា យោងតាមធនាគារពិភពលោក (WB) បានឱ្យដឹងថា រុស្ស៊ីបានវ៉ាដាច់អាល្លឺម៉ង់ក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៥ របស់ពិភបលោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី២២ មិថុនា ២០២៣។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ បាននិយាយថា រុស្ស៊ីបានផ្លាស់ប្តូរទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង៥ របស់ពិភពលោកក្នុងឆ្នាំ២០២២ ដោយផ្អែកលើភាពស្មើគ្នានៃអំណាចទិញ (PPP) លើសប្រទេសអាល្លឺម៉ង់ បើទោះបីជាមានការដាក់ទណ្ឌកម្មពីបស្ចិមប្រទេសក៏ដោយ។
របាយការណ៍របស់ធនាគារពិភពលោក (WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ី មានទឹកប្រាក់ ៥.៥១ទ្រីលានដុល្លារនៅក្នុងលក្ខខណ្ឌ PPP នៅចុងឆ្នាំមុន។ បើតាមរបាយការណ៍ដដែល តួលេខនេះគឺធំជាងការប៉ាន់ស្មានជាផ្លូវការចំនួន ៣៨ភាគរយ ដែលមានចំនួន ៣,៩៩៣ទ្រីលានដុល្លារ។
តួលេខនេះក៏បានបង្ហាញផងដែរថា សេដ្ឋកិច្ចរបស់រុស្ស៊ីគឺនាំមុខអាល្លឺម៉ង់នៅពេលវាស់វែងក្នុងភាពស្មើគ្នានៃអំណាចទិញ (PPP) ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ចុងក្រោយ គឺ ៥ទ្រីលានដុល្លារ។
សូមបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីបានរក្សានូវទស្សនវិស័យវិជ្ជមានសម្រាប់សេដ្ឋកិច្ចប្រទេសរបស់ខ្លួន ខណៈដែលនាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខែល មីស៊ូស្ទីន បានព្យាករណ៍ថា នៅឆ្នាំ២០២៤ រុស្ស៊ីនឹងវ៉ាដាច់ប្រទេសអភិវឌ្ឍន៍ ទាក់ទងនឹងកំណើនសេដ្ឋកិច្ច៕