ប្រមុខការទូតរុស្ស៊ី៖ សង្គ្រាមអ៊ុយក្រែនគ្មានទីបញ្ចប់ទេ បើសិនលោកខាងលិចមិនឈប់ព្យាបាទរុស្ស៊ី
មូស្គូ៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ ថ្លែងថា សង្គ្រាមនៅអ៊ុយក្រែននឹងគ្មានទីបញ្ចប់ឡើយ ដរាបណាប្រទេសលោកខាងលិចមិនឈប់ព្យាបាទប្រទេសរុស្ស៊ីនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ កក្កដា ២០២៣។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតឥណ្ឌូនេស៊ី Kompas រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បានស្តីបន្ទោសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចំពោះការគាំទ្រអ៊ុយក្រែន។ ពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន លោក ឡាវរូវ បានគូសបញ្ជាក់ថា សង្គ្រាមនេះនឹងគ្មានទីបញ្ចប់ ដរាបណាប្រទេសលោកខាងលិចមិនបោះបង់ផែនការរបស់ខ្លួន ក្នុងការប្រើប្រាស់អ៊ុយក្រែនធ្វើជាអាយ៉ង់ ដើម្បីប្រឆាំងនឹងរុស្ស៊ី។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបើកការវាយប្រហារដ៏ធំបំផុតលើប្រទេសអឺរ៉ុបមួយ ចាប់តាំងពីសង្គ្រាមលោកលើកទី ២ នៅពេលដែលរូបលោកបានបញ្ជាឱ្យលុកលុយអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមក មនុស្សជាង ១៥០,០០០នាក់ត្រូវបានសម្លាប់ និងរបួសទាំងសងខាង នេះបើយោងតាមការប៉ាន់ស្មានរបស់ប្រទេសលោកខាងលិច៕