អ៊ីរ៉ង់ប្រាប់អាមេរិកថា ខ្លួនគ្មានគំនិតចង់សម្លាប់លោក Donald Trump ទេ
តេហេរ៉ង់ ៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបានរាយការណ៍ថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់បានបញ្ជូនការធានាជាលាយលក្ខណ៍អក្សរទៅកាន់ទីក្រុងវ៉ាស៊ីនតោន មុនការបោះឆ្នោតអាមេរិកថា ខ្លួនគ្មានគម្រោងធ្វើឃាតប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារ AFP នៅថ្ងៃទី១៨ វិច្ឆិកា ២០២៤។
យោងតាមកាសែត Wall Street Journal បានចេញផ្សាយថា អ៊ីរ៉ង់បានបញ្ជូនសារទៅកាន់អាមេរិក កាលពីពាក់កណ្តាលខែតុលាកន្លងទៅ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងដែលកំពុងកើនឡើង និងជាការឆ្លើយតបចំពោះការព្រមានជាលាយលក្ខណ៍អក្សរ ដែលទីក្រុងវ៉ាស៊ីនតោនបានធ្វើកាលពីខែកញ្ញា។
សារព័ត៌មាន CBS News បានរាយការណ៍នៅពេលនោះថា សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់ប្រទេសអ៊ីរ៉ង់ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងចាត់ទុកការធ្វើឃាតអតីតប្រធានាធិបតី ឬមន្ត្រីជាន់ខ្ពស់អាមេរិកថា ជា “សកម្មភាពនៃសង្គ្រាម”។
របាយការណ៍អំពីសាររបស់អ៊ីរ៉ង់ខាងលើនេះ កើតឡើងបន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិក (DOJ) បានអះអាងកាលពីសប្តាហ៍មុនថា មន្ត្រីអ៊ីរ៉ង់បានអំពាវនាវឱ្យជនជាតិអាហ្វហ្គានីស្ថាន ផ្តល់ផែនការដើម្បីសម្លាប់លោក Trump។
សូមរម្លឹកថា ក្នុងឆ្នាំ ២០២០ លោក Trump បានអនុញ្ញាតឱ្យវាយប្រហារសម្លាប់លោក Qassem Soleimani ដែលជាប្រធានកងកម្លាំង Quds របស់អ៊ីរ៉ង់ និងជាឥស្សរជនដ៏មានប្រជាប្រិយរបស់អ៊ីរ៉ង់។
យ៉ាងណាមិញ កាសែត New York Times បានរាយការណ៍ថា លោក Elon Musk ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Trump ថ្មីៗនេះបានជួបដោយសម្ងាត់ជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid ដើម្បីលុបបំបាត់ភាពតានតឹងនេះ៕ RT