អន្តរជាតិ៖ គណៈកម្មការគ្រប់គ្រងទិន្នន័យនៅអឺរ៉ុបបានពិន័យប្រាក់ទៅលើក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook ចំនួន១,២ពាន់លានយូរ៉ូ ។ ការពិន័យនេះ ដោយសារក្រុមហ៊ុន Meta បានល្មើសច្បាប់ភាពឯកជនរបស់សហភាពអឺរ៉ុប ខណៈក្រុមហ៊ុននេះបានចែកចាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកនៅអឺរ៉ុបទៅឱ្យ server របស់អាមេរិក ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Thairath នៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៣។

តាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការគ្រប់គ្រងទិន្នន័យនៅអឺរ៉ុបបង្ហាញថា ការដាក់ពិន័យលើក្រុមហ៊ុន Meta នេះ ក្រោយពីគណៈកម្មការគ្រប់គ្រងទិន្នន័យរបស់អៀរឡង់បានពិនិត្យលើការងាររបស់ក្រុមហ៊ុនហ្វេសប៊ុក ហើយប្រទះឃើញថា ក្រុមហ៊ុននេះបានប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងរំលោភច្បាប់គ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់អឺរ៉ុប ។

ទោះយ៉ាងណា ក្រុមហ៊ុន Meta បញ្ជាក់ថា ពួកគេនឹងប្តឹងទៅឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះ ព្រមទាំងតវ៉ានឹងការដាក់ពិន័យផងដែរ ។ Meta អះអាងថា បញ្ហានេះកើតឡើងដោយសារមានជម្លោះផ្លូវច្បាប់រវាងច្បាប់ការចូលប្រើទិន្នន័យរបស់អាមេរិក និងសិទ្ធិឯកជននៅអឺរ៉ុប ។ បច្ចុប្បន្ន សហភាពអឺរ៉ុប និងអាមេរិកកំពុងដោះស្រាយបញ្ហានេះនៅក្រោមសេចក្តីព្រាងច្បាប់ទិន្នន័យផ្ទាល់ខ្លួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ