ក្រុងគៀវ៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីសស៊ី ស៊ូណាក់ បានក្លាយជាមេដឹកនាំបរទេសដំបូងក្នុងឆ្នាំថ្មីនេះ ដែលបានធ្វើដំណើរមកកាន់ទីក្រុងគៀវ ដើម្បីប្រកាសពីការផ្តល់កញ្ចប់ជំនួយថ្មីរហូតដល់ ២.៥ពាន់លានផោន ឬប្រមាណ ៣.២ពាន់លានដុល្លារដល់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ មករា ២០២៤។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីសស៊ី ស៊ូណាក់ បានធ្វើដំណើរមកដល់ទីក្រុងគៀវ ហើយជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ខណៈដែលអង់គ្លេសប្រកាសផ្តល់ជំនួយយោធាថ្មីចំនួន ២,៥ពាន់លានផោន ឬប្រមាណ ៣,២ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ នាឱកាសនោះដែរ លោក ហ្សេលេនស្គី បានសាទរចំពោះកញ្ចប់ជំនួយយោធាចំនួន ៣.២ពាន់លានដុល្លាររបស់អង់គ្លេសសម្រាប់អ៊ុយក្រែន ខណៈដែលលោក ស៊ូណាក់ សន្យាថា នឹងបន្តឈរជាមួយអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។

ជាមួយគ្នានេះ មេដឹកនាំទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខថ្មីមួយ ដោយបានប្តេជ្ញាថា អង់គ្លេសនឹងផ្តល់ជំនួយយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ប្រសិនបើអ៊ុយក្រែនរងការវាយប្រហារពីរុស្ស៊ីម្តងទៀត។ នៅក្នុងសុន្ទរកថាមួយជាមួយលោក ហ្សេលេនស្គី នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបានគូសបញ្ជាក់ថា ភាពជាដៃគូសន្តិសុខថ្មីនេះ នឹងមានរយៈពេលមួយរយឆ្នាំ ឬច្រើនជាងនេះ ហើយថា យើងមិនដើរចេញទេ… យើងជាសម្ព័ន្ធភាពដែលមិនអាចបំបែកបានរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា អង់គ្លេសគឺជាប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយអ៊ុយក្រែន បន្ទាប់ពីប្រទេស G7 បានយល់ព្រមនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូកាលពីឆ្នាំមុន ដើម្បីចុះហត្ថលេខាលើការធានាសន្តិសុខទ្វេភាគីជាមួយប្រទេសអ៊ុយក្រែន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ