Facebook Messenger អនុញ្ញាតឱ្យអ្នកប្រើប្រាស់ Edit សារដែលបានផ្ញើរួចហើយ
អាមេរិក ៖ នៅក្នុងការធ្វើបច្ចុប្បន្នភាព (Update) ដ៏គួរឱ្យចាប់អារម្មណ៍មួយកាលពីពេលថ្មីៗនេះរបស់ Facebook Messenger បានបង្ហាញមុខងារដែលអ្នកប្រើប្រាស់បានទន្ទឹងរង់ចាំជាយូរមកហើយ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់កែសារ (Edit) ដែលបានផ្ញើទៅរួចហើយ។ សមត្ថភាពក្នុងការកែសារដែលបានផ្ញើរួចហើយ នាំមកនូវកម្រិតថ្មីនៃភាពបត់បែន និងភាពងាយស្រួលដល់វេទិកាដ៏ពេញនិយមបំផុតមួយនេះ។ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
ដើម្បីប្រើមុខងារថ្មីនេះ អ្នកប្រើប្រាស់គ្រាន់តែចុចលើសារដែលពួកគេចង់កែសម្រួល ហើយជ្រើសរើសយកពាក្យ «Edit» ជាការស្រេច។ ទោះយ៉ាងណាក៏ដោយ រឿងដ៏សំខាន់ក្នុងការកត់សម្គាល់ថា ជម្រើសនេះអាចប្រើប្រាស់បានតែនៅក្នុងរយៈពេល១៥នាទីប៉ុណ្ណោះ បន្ទាប់ពីសារត្រូវបានផ្ញើរួច។
មុខងារថ្មីនេះ ដើម្បីកែសម្រួលសារដែលបានផ្ញើ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កែតម្រូវការវាយអត្ថបទ កែប្រែការទំនាក់ទំនងមិនត្រឹមត្រូវ ឬគ្រាន់តែធ្វើបច្ចុប្បន្នភាពខ្លឹមសារនៃសាររបស់ពួកគេ ហើយជាមួយនឹងការការធ្វើបច្ចុប្បន្នភាពចុងក្រោយនេះ Facebook Messenger បន្តវិវឌ្ឍ និងកែលម្អមុខងាររបស់ខ្លួន ដើម្បីផ្តល់អាទិភាពដល់ភាពឯកជន និងភាពងាយស្រួលរបស់អ្នកប្រើប្រាស់៕