ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ ត្រូវពិនិត្យ និងធ្វើការសិក្សាឡើងវិញ ចំពោះការជ្រើសរើស ក្របខណ្ឌកងទ័ព មួយវិញទៀតត្រូវកាត់បន្ថយការជ្រើសរើស និងដំឡើងឋានន្តរសក្ដិថ្នាក់នាយទាហាន ដោយត្រូវបង្កើនពលទាហានវិញ។

ថ្លែងនៅក្នុងអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូជាងពីរពាន់នាក់ ដើម្បីអបអរសាទរអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ«គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ) សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅកងយោធពលខេមរភូមិន្ទ គប្បីពិនិត្យឡើងវិញ លើការបណ្ដុះបណ្ដាល និងការជ្រើសរើសក្របខណ្ឌកងទ័ព។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា នាពេលកន្លងមក សម្តេចសង្កេតឃើញថាការបណ្ដុះបណ្ដាលនាយទាហានមានអត្រាខ្ពស់ជាងការបណ្ដុះបណ្ដាលពលទាហាន ហើយពេលដែលមាននាយទាហានច្រើនពេក វានឹងធ្វើឲ្យប៉ះពាល់ដល់ការតែងតាំងតួនាទីនាយទាហានទាំងនោះផងដែរ ហើយមួយវិញទៀតការធ្វើការកំណែទម្រង់បែបនេះក៏កាត់បន្ថយការចំណាយថវិការបស់ជាតិផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ