អ៊ីស្រាអែល នឹងទទួលបានសព្វាវុធតម្លៃរាប់ពាន់លានដុល្លារបន្ថែមពីអាមេរិក ទោះមានការផ្អាកជំនួយក៏ដោយ
អន្តរជាតិ៖ សព្វាវុធតម្លៃរាប់ពាន់លានដុល្លារអាមេរិក នៅតែស្ថិតលើផ្លូវសម្រាប់អ៊ីស្រាអែល បើទោះបីជាការពន្យារពេលនៃការដឹកជញ្ជូនគ្រាប់បែកមួយលើក និងការពិនិត្យឡើងវិញដោយរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដោយបារម្ភថាការប្រើប្រាស់អាវុធទាំងនោះក្នុងការវាយប្រហារ អាចបង្កការបំផ្លិចបំផ្លាញបន្ថែមទៀតលើជនស៊ីវិលប៉ាឡេស្ទីនក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន AFP នៅថ្ងៃទី១០ ឧសភា ២០២៤។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយនៅសប្តាហ៍នេះថា រដ្ឋបាលបានពិនិត្យលើការផ្តល់អាវុធដែលអ៊ីស្រាអែល អាចប្រើសម្រាប់ការលុកលុយទ្រង់ទ្រាយធំលើទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងហ្កាហ្សា ដែលមានជនស៊ីវិលជាង ១ លាននាក់បានស្វែងរកកន្លែងជ្រកកោន ហើយជាលទ្ធផលបានផ្អាកការដឹកជញ្ជូនគ្រាប់បែកទៅឱ្យអ៊ីស្រាអែល។
ព្រឹទ្ធសមាជិក ជីម រីច (Jim Risch) ដែលជាសមាជិកជាន់ខ្ពស់គណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាបាននិយាយថា សព្វាវុធថ្មីដែលត្រូវបញ្ជូនទៅអ៊ីស្រាអែលទាំងនោះ មិនត្រូវបានអនុម័តលឿនដូចដែលគួរធ្វើនោះទេ ដោយកត់សម្គាល់ឃើញថាមានមួយចំនួនបានដំណើរការតាំងពីខែធ្នូ មកម្ល៉េះ ខណៈដែលជំនួយសម្រាប់អ៊ីស្រាអែល ត្រូវឆ្លងកាត់ការពិនិត្យឡើងវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ប៉ុន្តែក៏ប្រហែលជានៅតែត្រូវបានផ្ដល់ឱ្យអ៊ីស្រាអែល ដដែល។
ទីក្រុងវ៉ាស៊ីនតោន បានទទូចជាយូរមកហើយថាកុំឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ឈ្លានពានក្រុងរ៉ាហ្វា ដោយពុំមានការការពារជនស៊ីវិល រយៈពេលប្រាំពីរខែចូលទៅក្នុងសង្រ្គាមដ៏បំផ្លិចបំផ្លាញ។ ក្រុមជំនួយការសភា បានប៉ាន់ប្រមាណតម្លៃនៃការដឹកជញ្ជូនគ្រាប់បែកដែលត្រូវបានពន្យារពេលថាមានតម្លៃ «រាប់សិបលាន» ដុល្លារអាមេរិក៕