ហ៊្សេរុយសាឡឹម៖ មេដឹកនាំអ៊ីស្រាអែលបាននិយាយថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីតស៊ូប្រយុទ្ធតែម្នាក់ឯង នៅក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានបញ្ឈប់ការផ្គត់ផ្គង់អាវុធមួយចំនួន ប្រសិនបើអ៊ីស្រាអែលវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងរ៉ាហ្វា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន AFP នៅថ្ងៃទី១១ ឧសភា ២០២៤។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើយើងត្រូវតែតស៊ូតែម្នាក់ឯង នោះយើងនឹងតស៊ូប្រយុទ្ធតែម្នាក់ឯង។ លោក ណេតាន់យ៉ាហ៊ូ បាននិយាយយ៉ាងដូច្នេះថា យើងនឹងរួបរួមគ្នាដើម្បីកម្ចាត់សត្រូវរបស់យើង។

ការអត្ថាធិប្បាយបែបនេះរបស់លោក ណេតាន់យ៉ាហ៊ូ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកនឹងបញ្ឈប់ការដឹកជញ្ជូនអាវុធមួយចំនួនទៅឱ្យអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែលបន្តការវាយលុកទ្រង់ទ្រាយធំលើទីក្រុងរ៉ាហ្វា ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ១.៤លាននាក់កំពុងជ្រកកោន។

គួរបញ្ជាក់ថា សង្រ្គាមនៅតំបន់ហ្គាហ្សាបានចាប់ផ្តើមឡើង ជាមួយនឹងការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង ១,១៧០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ក្រុមសកម្មប្រយុទ្ធក៏បានចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់ផងដែរ ក្នុងនោះ ៣៦នាក់ មន្រ្តីអ៊ីស្រាអែលនិយាយថា ត្រូវបានសម្លាប់។ ការវាយលុកសងសឹករបស់អ៊ីស្រាអែលវិញ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤,៩០៤នាក់នៅក្នុងតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ