សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងទំនងជាបានផ្តល់អាវុធ និងគ្រាប់រំសេវប្រហែល ២.០០០ កុងតេន័រឲ្យទៅរុស្ស៊ី ដែលអាចរាប់បញ្ចូលទាំងមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី ០៣ វិច្ឆិកា ២០២៣។

កូរ៉េខាងជើងដែលផ្គត់ផ្គង់គ្រឿងសព្វាវុធដល់រុស្ស៊ីចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២មក ហើយការជួញដូរអាវុធតាមរយៈផ្លូវសមុទ្របានកើនឡើងកាលពីខែ សីហា។ សកម្មភាពទាំងនេះ បានកើតឡើង មិនយូរប៉ុន្មាន មុនជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។

ក្រុមមន្ត្រីបាននិយាយថា កុងទឺន័រ ប្រហែល ២.០០០ គ្រឿង អាចត្រូវបានដឹកជញ្ជូនពីកំពង់ផែ រ៉ាជីន(Rajin) ភាគឦសានរបស់ប្រទេសកូរ៉េខាងជើងទៅកាន់កំពង់ផែមួយនៅតំបន់ចុងបូព៌ា របស់រុស្ស៊ី។ ពួកគេបានបន្តថា នេះគឺស្មើនឹងគ្រាប់កាំភ្លើងធំជាង ២០០.០០០ គ្រាប់នៃកាំភ្លើងធំ ១២២ មីលីម៉ែត្រ ឬជាងមួយលានគ្រាប់នៃគ្រាប់ ១៥២ មីលីម៉ែត្រ ដែលត្រូវបានប្រើប្រាស់ទាំងកូរ៉េខាងជើង ទាំង រុស្ស៊ី។

ជើងជម្របាញ់គ្រាប់រ៉ូកែត មីស៊ីលចល័តដែលអាចបាញ់ចេញពីដីទៅលើអាកាស និងមីស៊ីលប្រឆាំងរថក្រោះ ប្រហែលជាត្រូវបានផ្គត់ផ្គង់ផងដែរ។ក្រុមមន្ត្រីបានចង្អុលបង្ហាញពីលទ្ធភាពដែលទីក្រុងព្យុងយ៉ាងអាចផ្តល់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីឲ្យទីក្រុងមូស្គូ។

យោធាកូរ៉េខាងត្បូងនិយាយថា កិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី គួរតែត្រូវបានបញ្ឈប់ ដោយសារតែបំពានយ៉ាងច្បាស់លើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពិភពលោក និងឧបទ្វីបកូរ៉េ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ