អន្តរជាតិ៖ យន្តហោះដ្រូនអត្តឃាតរុស្ស៉ីចំនួន៣៥គ្រឿង បានបើកការវាយប្រហារលើ ទីក្រុងកៀវនិងតំបន់ជុំវិញ ដែលវាគឺជាការវាយប្រហារតាមផ្លូវអាកាសលើកទី៣ របស់ទីក្រុងមូស្គូមកលើរដ្ឋធានីរបស់អ៊ុយក្រែន ក្នុងរយៈពេលជិត ១សប្តាហ៍ចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២០ ធ្នូ ២០២២៕

កងទ័ពអាកាសអ៊ុយក្រែនបានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បាញ់ស្កាត់យន្តហោះដ្រូនរុស្ស៉ីបានប្រហែល៣០គ្រឿង នៅក្នុងការវាយប្រហារជុំចុងក្រោយនេះ ខណៈអាជ្ញាធរនៅទីក្រុងកៀវបានអះអាងថា ដ្រូនប្រមាណជា១៨គ្រឿងក្នុងចំណោម២៣គ្រឿង ត្រូវបានបាញ់ទម្លាក់ពីលើផ្ទៃអាកាសរបស់ទីក្រុង ដែលមានមនុស្សរស់នៅ៣.៦លាននាក់នេះ។

អភិបាលតំបន់កៀវ លោក អូឡិចស៉ី គូឡេបា (Oleksiy Kuleba) ដែលរាប់បញ្ចូលទីក្រុងកៀវនិងតំបន់ជុំវិញនោះ បាននិយាយថា ការវាយប្រហារដោយដ្រូនរបស់រុស្ស៉ីនៅថ្ងៃចន្ទនេះ បានបង្កការខូចខាតធ្ងន់ធ្ងរគួរសម ខណៈកន្លែងមួយចំនួនបានដាច់ចរន្តផ្គត់ផ្គង់ថាមពលអគ្គិសនី ដ្បិតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបានរងការវាយប្រហារ ប៉ុន្តែហាក់មិនមានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ រុស្ស៉ីបានបាញ់មីស៉ីលសរុបជាង៧០គ្រាប់ ស្រោចលើតំបន់ជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ ខណៈប៉ុន្មានថ្ងៃមុននោះ គឺថ្ងៃពុធសប្តាហ៍ដដែល កងកម្លាំងទីក្រុងមូស្គូ ក៏បានបើកការវាយប្រហារដោយដ្រូន មកលើទីក្រុងកៀវដូចគ្នា ដែលដ្រូននាពេលនោះមានចំនួនជាង១០គ្រឿង៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ