សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យបិទផ្លាកសញ្ញាចរាចរណ៍តាមសាលារៀនបឋម ដើម្បីពួកគាត់ស្វែងយល់ពីផ្លាកសញ្ញាចរាចរណ៍
បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានធ្វើការណែនាំឱ្យបិទផ្លាកសញ្ញាចរាចរណ៍ផ្លូវគោក នៅតាមសាលារៀនបឋម ដើម្បីឱ្យពួកគាត់ស្វែងយល់អំពីផ្លាកសញ្ញាចរាចរណ៍។
នាឱកាសអញ្ជើញអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង ចំនួន ៣បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សារំជៃ ស្ថិតក្នុងភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់។ ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យបង្រៀនច្បាប់ចរាចរណ៍ដល់សិស្សានុសិស្សតាំងពីសាលាបឋមឡើងទៅ ជាពិសេសត្រូវបិទផ្លាកសញ្ញាចរាចរណ៍ នៅតាមសាលារៀនផងដែរ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «សូមបន្ថែមសញ្ញាចរាចរណ៍ មកបិទនៅតាមសាលាបឋម ដើម្បីឱ្យក្មេងដឹងថា ខាងណាស្ដាំ ខាងណាឆ្វេង ហើយគេធ្វើដំណើរយ៉ាងម៉េច? ឆ្លងកាត់ឆ្លងម៉េច? អាហ្នឹងគឺបណ្ដុះតាំងពីនឹងទៅ ព្រោះយើងវាទៅហើយ (ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ)។ ផ្លូវគមនាគមន៍ វាអាក្រក់ មិនសូវគ្រោះថ្នាក់ទេ ព្រោះវាអត់មានឡានបើកលឿនទេ»។
សម្ដេចក្រឡាហោម បន្ដថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយសារអ្នកប្រើប្រាស់ផ្លូវ ដូច្នេះត្រូវរួបរួមត្រូវគោរពច្បាប់ចរាចរណ៍។ សម្ដេចក្រឡាហោម បានសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួន បានធ្វើរោងការ រោងបុណ្យ និងអ្នកលក់ដូរ បានយកចំណីផ្លូវសម្រាប់ធ្វើអាជីវកម្ម ឬធ្វើកម្មវិធីផ្សេងៗ។ ករណីនេះ នាថ្ងៃខាងមុខ ត្រូវនាំគ្នាដោះស្រាយបញ្ហាទាំងនេះ ដើម្បីបញ្ចៀសយកចំណីផ្លូវ ទៅធ្វើអ្វីៗផ្សេងៗ។
សូមរំលឹកថា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងពីកំណើនគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសកម្ពុជា ដោយបានចាត់ទុកឆ្នាំ២០២៤នេះ ថា «ជាឆ្នាំ នៃការឈានចូលបន្ទាប់ក្រហមហើយ»៕