ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីតួនាទីដ៏សំខាន់របស់នាយកសាលានៃសាលារដ្ឋតាមមូលដ្ឋាន។ ថ្លែងនាពិធីប្រារព្ធគ្រូបង្រៀនលើកទី២៦ ថ្ងៃ៥តុលា ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា សម្តេចបានឱ្យរដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិចារណាលើយន្តការតែងតាំងនាយកសាលា។
សម្តេចលើកឡើងថា វិមជ្ឈការក្នុងការជ្រើសរើសនាយកសាលាជារឿងសំខាន់ ប៉ុន្តែសម្តេចចង់ឱ្យមានយន្តការច្បាស់លាស់ ដោយមិនត្រឹមតែផ្តល់ការសម្រេចលើអភិបាលស្រុកនោះឡើយ។ «ពង្រឹងជាជាងពង្រីក ពង្រឹងអ្វីដែលមានស្រាប់នៅមូលដ្ឋាន»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត។
សម្តេចបានវាយតម្លៃថា បើមាននាយកសាលាល្អ សាលារដ្ឋនឹងក្លាយជាសាលាដែលអាចទទួលយកបាន ដោយមិនចាំបាច់តម្រូវឱ្យឪពុកម្តាយ អាណាព្យាបាល ផ្លាស់ប្តូរលំនៅដ្ឋានទៅរកសាលាល្អសម្រាប់កូនចៅរៀនសូត្រនោះឡើយ។ សម្តេចបានបញ្ជាក់ថា នេះគោលនយោបាយរបស់រដ្ឋាភិបាល ដោយមិនចាំបាច់រង់ចាំដល់ការបង្កើតសាលាជំនាន់ថ្មីក្នុងក្របខណ្ឌទូទាំងប្រទេសនោះឡើយ។
«គិតធំ ធ្វើតូច» (Think Macro, Act Micro), អភិវឌ្ឍរបៀបអ្នកក្រ» ទាំងនេះ ជាទ្រឹស្តីដែលសម្តេចហ៊ុន ម៉ាណែត បានលើកឡើងពីទាក់ទងនឹងការពង្រឹងវិស័យអប់រំ និងវិស័យនានា៕