បរទេស៖ ប្រទេសកូរ៉េខាងជើងបានសម្ញែងសាច់ដុំយោធារបស់ខ្លួនជាមួយការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបឥន្ធនៈរឹងប្រភេទថ្មីមួយដែលមានឈ្មោះថា វ៉ាសុង-១៩ (Hwasong-19)ស្របពេលមានចលាចលអន្តរជាតិជុំវិញការលើកឡើងដែលថាកងទ័ពរបស់ខ្លួនត្រូវដាក់ពង្រាយជួយប្រទេសរុស្ស៊ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០១ វិចិ្ឆកា ២០២៤។

យោងតាមកូរ៉េខាងជើង ក៏ដូចជាយោធានៅកូរ៉េខាងត្បូង និងជប៉ុន ដែលបានតាមដានការហោះហើររបស់មីស៊ីលចូលជ្រៅទៅក្នុងលំហ មុនពេលធ្លាក់ក្នុងមហាសមុទ្ររវាងជប៉ុន និងរុស្ស៊ីបានឲ្យដឹងថា ការបាញ់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានហោះខ្ពស់ជាងមីស៊ីលមុនៗរបស់កូរ៉េខាងជើង។

ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានលើកសរសើរថាជាមីស៊ីលយុទ្ធសាស្ត្រខ្លាំងបំផុតរបស់ពិភពលោក។ការបាញ់មីស៊ីលប្រទេសនេះ ជាការបញ្ជូនសារព្រមានដល់សត្រូវ។ ទន្ទឹមនឹងសំណួរនៅតែមានអំពីសមត្ថភាពរបស់កូរ៉េខាងជើងក្នុងការដឹកនាំ និងការពារក្បាលគ្រាប់នុយក្លេអ៊ែរនៅពេលធ្លាក់ចូលទៅក្នុងបរិយាកាសវិញ មីស៊ីល Hwasong-19 ក៏ដូចជា ICBMs ចុងក្រោយបង្អស់របស់កូរ៉េខាងជើង បានបង្ហាញពីកម្រិតនៃការវាយប្រហារស្ទើរតែគ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិក។

មេដឹកនាំលោក Kim Jong Un បាននិយាយអំឡុងពេលត្រួតពិនិត្យការបាញ់នេះថា មីស៊ីលអន្តរទ្វីប ICBMប្រភេទថ្មីនេះ បានបង្ហាញឱ្យឃើញនៅចំពោះមុខពិភពលោកនូវទីតាំងអនុត្តរភាពដែលយើងបានធានាក្នុងការអភិវឌ្ឍន៍ និងការផលិតនុយក្លេអ៊ែរ។

គួរបញ្ជាក់ផងដែរថា ការបាញ់មីស៊ីលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានកើតមានឡើងប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកដ៏សំខាន់នៅសប្តាហ៍ក្រោយ ដែលបានទាក់ទាញការថ្កោលទោសភ្លាមៗពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តនៅក្នុងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងអឺរ៉ុប ព្រមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ