ចិន ប្តេជ្ញាប្រឆាំងការវាយប្រហារតាមអ៊ីនធើណិត
ប៉េកាំង៖ រដ្ឋាភិបាលចិន បានអំពាវនាវឱ្យបង្កើនសុវត្ថិភាពទិន្នន័យ និងការការពារប្រឆាំងការចូលលួចព័ត៌មាន ពីក្រុមហ៊ុនក្នុងស្រុកដែលងាយរងគ្រោះ ហើយប្តេជ្ញាថា នឹងចាត់វិធានការទប់ស្កាត់ ក៏ដូចជាគ្រប់គ្រងហានិភ័យសំខាន់ៗឱ្យមានប្រសិទ្ធភាពនៅត្រឹមឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៤ កុម្ភ: ២០២៣។
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បានអំពាវនាវឱ្យរៀបចំ “ប្រព័ន្ធការពារសុវត្ថិភាពទិន្នន័យ” នៅក្នុងឯកសារដែលផ្ញើទៅកាន់រដ្ឋាភិបាលក្នុងតំបន់ និងអាជីវកម្មចិន។ ក្រសួងនេះបានបញ្ជាក់ថា រដ្ឋាភិបាលក្នុងតំបន់ត្រូវតែផ្តោតការយកចិត្តទុកដាក់ ទៅលើក្រុមហ៊ុនស្ទាត់ជំនាញផ្នែកបច្ចេកវិទ្យាសំខាន់ៗ ដែលជាប់ទាក់ទងនឹងសន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម ឬមានផលប៉ះពាល់ដល់សន្តិសុខជាតិ។
មន្ត្រីក៏ត្រូវតែណែនាំដល់ទីតាំងប្រកបអាជីវកម្មនានា ឱ្យពង្រឹងការត្រួតពិនិត្យហានិភ័យ និងការឆ្លើយតបបន្ទាន់ ដើម្បីការពារទិន្នន័យសំខាន់ៗ។ មានក្រុមហ៊ុនជាង ៤៥,០០០ ត្រូវបានគេរំពឹងថា នឹងចុះឈ្មោះនៅក្នុងប្រព័ន្ធការពារសុវត្ថិភាពទិន្នន័យថ្នាក់ជាតិនៅត្រឹមឆ្នាំ២០២៦ខាងមុខ។
ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានចោទប្រកាន់រដ្ឋាភិបាលប្រទេសដទៃ និងក្រុមជំនាញបរទេសថា បានបើកការវាយប្រហារតាមអ៊ីនធើណិតលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួន។
ការលេចធ្លាយទិន្នន័យ គឺជាបញ្ហាបន្តកើតមាននៅក្នុងប្រទេសចិន ដោយពួក Hacker បានអះអាងថា នៅឆ្នាំ២០២២ ពួកគេបានចូលមើលព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋចិនមួយពាន់លាននាក់ ព្រមទាំងចូលមើលរបាយការណ៍របស់ប៉ូលិសសៀងហៃផងដែរ៕