ប្រធានាធិបតីរុស្ស៊ី ធ្វើដំណើរទៅដល់ប្រទេសចិនហើយ ដើម្បីជួបប្រធានាធិបតីចិន និងចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣
ប៉េកាំង៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសចិនហើយ ដើម្បីជួបជាមួយ “មិត្តជាទីស្រឡាញ់” របស់គាត់ គឺលោក ស៊ី ជីនពីង ដើម្បីពង្រឹងទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ នៅក្នុងកិច្ចប្រជុំកំពូលមួយដែលនឹងគ្របដណ្ដប់ដោយសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៧ តុលា ២០២៣។
យន្តហោះរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសចិន នៅមុនម៉ោង៩និង៣០នាទីព្រឹកថ្ងៃអង្គារទី១៧ ខែតុលានេះ (ម៉ោងក្នុងតំបន់)។
ជាមួយគ្នានេះ វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក ពូទីន គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃពុធទី១៨ ខែតុលានេះ នៅខាងក្រៅវេទិការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។
បើតាមវិមានក្រឹមឡាំង ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគី មេដឹកនាំទាំងពីរនឹងផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាអន្តរជាតិ និងតំបន់ ជាពិសេសសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។
សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ ប្រទេសចិននឹងស្វាគមន៍មេដឹកនាំ និងអ្នកតំណាងជាន់ខ្ពស់មកពីប្រទេសចំនួន ១៣០ សម្រាប់វេទិកានៃគម្រោងដ៏សំខាន់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលទីក្រុងប៉េកាំងកំពុងប្រើប្រាស់ដើម្បីពង្រីកឥទ្ធិពលទៅកាន់ពិភពលោករបស់ខ្លួន៕