ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ទៀតហើយ លើស្ត្រីជនជាតិបារាំង ខណៈករណីជាសះស្បើយមិនមានទេ !
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកវីដ-១៩ ថ្មី ចំនួន០១នាក់ និងមិនមានករណីជាសះស្បើយនោះទេ។
ករណីវិជ្ជមានកូវីដ១៩ថ្មីនេះ ត្រូវបានរកឃើញលើស្ត្រីជនជាតិបារាំងអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់ នៅសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ ជា អ្នកធ្វើដំណើរពីប្រទេសបារាំង ដោយបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃ ទី០៨ ខែតុលា ឆ្នាំ២០២០។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៥៩នាក់ (ស្រី ១៨នាក់) ដែលក្នុងចំនួននេះ មានស្ត្រីជនជាតិបារាំងអាយុ ៣៣ឆ្នាំខាងលើ។ រីឯអ្នកដំណើរចំនួន៥៨នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅវិទ្យាល័យបូរី១០០ខ្នងចំនួន០៦នាក់ និងសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញចំនួន ៥២នាក់។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការកែតម្រូវនូវព័ត៌មានរបស់បុរសជនជាតិខ្មែរអាយុ២៩ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ថា បុរសរូបនេះបានធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង ប៉ុន្តែតាមការសួរបញ្ជាក់ពីសាមីខ្លួនឡើងវិញ គឺបុរសរូបនេះជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន ហើយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨៣នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៧នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន០៦នាក់៕