ប៉េកាំង៖ ក្រុមហ៊ុន BYD នឹងសាងសង់រោងចក្រផលិតរថយន្តនៅក្នុងប្រទេសហុងគ្រី ខណៈដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ចិនមួយនេះ មានផែនការពង្រីកទីផ្សារទៅកាន់តំបន់អឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន AFP នៅថ្ងៃទី២៥ ធ្នូ ២០២៣។

ក្រុមហ៊ុនចិន BYD Europe និយាយថា រោងចក្រនៅភាគខាងត្បូងនៃទីក្រុង Szeged នឹងបញ្ជាក់ពី “ជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការវិនិយោគលើថាមពលបៃតងនៅអឺរ៉ុប”។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីតធើ ហ្ស៊ីចាតូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រនេះ នឹងក្លាយជាការវិនិយោគដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តសេដ្ឋកិច្ចហុងគ្រី ប៉ុន្តែមិនបានប្រកាសពីទឹកប្រាក់វិនិយោគទេ។

ក្រុមហ៊ុន BYD មានប្រតិបត្តិការរួចហើយក្នុងប្រទេសហុងគ្រី រួមទាំងរោងចក្រឡានក្រុងអគ្គិសនី។ ប៉ុន្តែជាមួយនឹងរោងចក្រផលិតរថយន្តថ្មីនេះ ក្រុមហ៊ុន BYD សង្ឃឹមថា នឹងពន្លឿនការចែកចាយរថយន្តដឹកអ្នកដំណើរអគ្គិសនីថ្មីទៅក្នុងទីផ្សារតំបន់អឺរ៉ុប ក៏ដូចជាជំរុញការប្រើប្រាស់ថាមពលបៃតងជាសកល។ ក្រុមហ៊ុន BYD បានគូសបញ្ជាក់ថា រោងចក្រនេះនឹងត្រូវបានសាងសង់ជាដំណាក់កាល ហើយត្រូវបានគេរំពឹងថា នឹងបង្កើតការងារក្នុងប្រទេសហុងគ្រីរាប់ពាន់កន្លែង។

គួរបញ្ជាក់ផងដែរថា សម្រាប់ពេលអនាគត ហុងគ្រីក៏នឹងក្លាយទៅជាប្រទេសផលិតអាគុយផ្ទុកថាមពលសម្រាប់រថយន្តអគ្គិសនី (EV) ដ៏ធំទីពីរនៅអឺរ៉ុបផងដែរ បន្ទាប់ពីអាល្លឺម៉ង់ ក្រោយរោងចក្រដ៏ធំមួយលេចឡើង ក្រោមផែនការវិនិយោគរបស់ក្រុមហ៊ុនចិន Group CATL ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ