អន្តរជាតិ៖ កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ បានធ្វើសមយុទ្ធប្រឆាំងនឹងក្រុមចំណាប់ខ្មាំង នៅឯទីក្រុងកំពង់ផែ កោស៊ុង ដែលស្ថិតនៅភាគខាងត្បូងនៃកោះតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១១ មិថុនា ២០២៣។

ឆ្មាំឆ្នេរសមុទ្រ យោធា ប៉ូលិស និងមន្រ្តីបើកឧទ្ធម្ភាគចក្រ បានរួមកម្លាំងគ្នាធ្វើសមយុទ្ធប្រឆាំងនឹងក្រុមចំណាប់ខ្មាំង នៅឯទីក្រុងកំពង់ផែ កោស៊ុង ដោយមានការហាត់សមទម្លាក់ខ្លួនតាមខ្សែពួរពីលើឧទ្ធម្ភាគចក្រ, ក្រុមឆ្មាំសមុទ្របញ្ជាកប៉ាល់ឡោមព័ទ្ធនាវារបស់ឧក្រិដ្ឋជន, ទាហានជិះទូកតូចៗទៅចតជិតនាវា ហើយឡើងលើនាវា ដើម្បីវាយឆ្មក់ឧក្រិដ្ឋជនដោយប្រើប្រាស់គ្រាប់កាំភ្លើងក្លែងក្លាយ និងការស្រែកសំឡុតឱ្យបញ្ឈប់នាវាជាដើម។ 

បន្ទាប់ពីឈុតឆាកសមយុទ្ធនេះចប់  ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីនវិន បានលើកដៃគ្រវីស្វាគមន៍កងកម្លាំងរក្សាសន្តិសុខ ពីលើឆ្នេរកំពង់ផែ ដោយបញ្ជាក់ថា ក្រុមអ្នកចូលរួមធ្វើសមយុទ្ធថ្ងៃនេះ សុទ្ធតែជាអ្នកការពារប្រទេសជួរមុខ។

លោកស្រី ប្រធានាធិបតីតៃវ៉ាន់ បាននិយាយថា «យើងត្រូវតែពង្រឹងកម្លាំងដើម្បីធានាសន្តិភាពក្នុងតំបន់ច្រកសមុទ្យតៃវ៉ាន់។ យើងកាន់តែរួបរួមគ្នា សន្តិសុខកាន់តែមាន តៃវ៉ាន់កាន់តែសុខ ហើយពិភពលោកក៏កាន់តែមានសុវត្ថិភាព»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ