ភ្នំពេញ ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា ការកាប់បំផ្លាញ់ព្រៃឈើសម្រាប់ដាំដុះថ្នាំជក់ បានជំរុញឲ្យមានការសឹករិចរិលដី និងទិន្នផលថយចុះ ព្រមទាំងឈានទៅដល់ខូចដីសម្រាប់ដាំដុះដំណាំ ឬបន្លែផ្សេងៗទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ទិវាពិភពលោកគ្មានថ្នាំជក់ «ថ្នាំជក់គំរាមកំហែងដល់បរិស្ថានយើង» ចេញផ្សាយដោយ CMH នាពេលថ្មីៗនេះ បានលើកឡើងថា ផ្ទៃដីប្រមាណ ៣.៥លានហិកតា ត្រូវបានបំផ្លាញសម្រាប់ការដាំដុះថ្នាំជក់ជារៀងរាល់ឆ្នាំ ហើយការដាំថ្នាំជក់រួមចំណែកដល់ការកាប់បំផ្លញព្រៃឈើ ក្នុងនោះ ដើមឈើប្រមាណ ៦០០លានដើមត្រូវបានកាប់បំផ្លាញដើម្បីផលិតបារីជារៀងរាល់ឆ្នាំ។

CMH បានបញ្ជាក់ថា «ការកាប់បំផ្លាញ់ព្រៃឈើសម្រាប់ដាំដុះថ្នាំជក់ បានជំរុញឲ្យមានការសឹករិចរិលដី និងទិន្នផលថយចុះ ដែលឈានទៅដល់ខូចដីសម្រាប់ដាំដុះដំណាំឬបន្លែផ្សេងៗទៀត។ ដូច្នេះ ហើយប្រធានបទសម្រាប់ទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២២ នេះគឺ «ថ្នាំជក់គំរាមកំហែងដល់បរិស្ថានយើង»។

ប្រភពដដែល បន្ដថា វិធានការដែលមានប្រសិទ្ធភាពខ្ពស់មួយក្នុងចំណោមវិធានការដ៏ទៃទៀត ក្នុងការកាត់បន្ថយផលប៉ះពាល់ នៃផលិតផលថ្នាំជក់ទៅលើបរិស្ថាន គឺការដំឡើងពន្ធថ្នាំជក់។ នៅពេលដែលពន្ធថ្នាំជក់កើនឡើង អ្នកជក់បារីជក់តិចជាងមុន ឬ ផ្ដាច់បារីទាំងស្រុង ដែលនាំទៅរកការកាត់បន្ថយផលប៉ះពាល់ទៅលើ បរិស្ថានយើង។ ប្រសិនបើការប្រើប្រាស់ផលិតផលថ្នាំជក់ថយចុះ នឹងនាំឱ្យការផលិតថ្នាំជក់ដែលបញ្ចេញកាបូនឌីអុកស៊ីត (CO2) ៨០លានតោនទៅក្នុងបរិយាកាសជារៀងរាល់ឆ្នាំនឹងថយចុះដូចគ្នា ដែលសារធាតុគីមីនេះ ហើយគឺជាឧស្ម័នផ្ទះកញ្ចក់ដែលរួមចំណែកដល់ការបង្កើនសីតុណ្ហភាពលើផ្ទៃផែនដី។

បន្ថែមពីនោះ ការដំឡើងពន្ធថ្នាំជក់ក៏នាំឲ្យមានការថយចុះចំនួនអ្នកស្លាប់ អ្នកពិការ និងអ្នកឈឺដោយការប្រើប្រាស់ថ្នាំជក់។ លើសពីនេះទៀត ការដំឡើងពន្ធថ្នាំជក់ធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានចំណូលពន្ធបន្ថែមសម្រាប់ប្រើប្រាស់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ 

សូមរំលឹកថា នៅកម្ពុជា ករណីសិក្សាមួយរបស់ការអង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ឆ្នាំ២០១៩ បង្ហាញថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារសហរដ្ឋអាមេរិច ក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ បើប្រទេសកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់៧៥% នៃតំលៃបារីលក់រាយ។ 

ដោយឡែក ទូទាំងពិភពលោកថ្នាំជក់ធ្វើអោយមនុស្សស្លាប់ ប្រមាណ ៨លាន នាក់រៀងរាល់ឆ្នាំ បង្កដោយជំងឺសរសៃឈាមបេះដូង សួត មហារីក ទឹកនោមផ្អែម លើសសំពាធឈាម និងជំងឺ ជាច្រើនមុខផ្សេងទៀត ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជាកម្ពុជាមានប្រមាណ ១៥០០០នាក់។ ថវិកាប្រមាណ ១,៤ ទ្រីលានដុល្លារអាមេរិកត្រូវបានខាតបង់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ