តៃប៉ិ៖ ការជំរុញរបស់រដ្ឋាភិបាលអាមេរិក ក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ចំពេលមានការឈ្លានពានរបស់រុស្ស៊ី ហាក់ដូចជាកំពុងជះឥទ្ធិពលដល់កិច្ចព្រមព្រៀងអាវុធដ៏សំខាន់ដែលទីក្រុងវ៉ាស៊ីនតោនបានព្រមព្រៀងជាមួយតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ឧសភា ២០២២។

ក្នុងឆ្នាំ 2019 មន្ត្រីអាមេរិកបានអនុម័តផែនការតម្លៃ 2.2ពាន់លានដុល្លារដើម្បីផ្គត់ផ្គង់ដល់កោះតៃវ៉ាន់ជាមួយនឹងរថក្រោះ Abrams ចំនួន 108គ្រឿង កាំជ្រួចបាញ់ចេញពីដីទៅអាកាស Stinger 250គ្រឿង កាំភ្លើងយន្តធុនធ្ងន់ 122ដើម និងគ្រាប់រំសេវផងដែរ។ 

ដោយឡែក កាលពីថ្ងៃអង្គារសប្តាហ៍នេះ មន្ត្រីជាន់ខ្ពស់កងទ័ពតៃវ៉ាន់បាននិយាយថា ការបញ្ជូនកាំជ្រួច Stinger ដែលគ្រោងធ្វើឡើងនៅក្នុងឆ្នាំនេះ អាចនឹងត្រូវពន្យារពេល ដោយមន្ត្រីរូបនេះបានលើកឡើងពីការផ្លាស់ប្តូរ ដោយផ្អែកទៅនឹងស្ថានភាពពិភពលោក។

យ៉ាងណាមិញ មន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ក៏បានបញ្ជាក់ដែរថា នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានជូនដំណឹងដល់ពួកគេថា ប្រព័ន្ធកាំភ្លើងធំនឹងមិនត្រូវបានចែកចាយរហូតដល់ឆ្នាំ2026 ដោយសារតែបញ្ហាផលិតកម្ម។ 

គួររម្លឹកផងដែរថា តៃវ៉ាន់ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួនកំពុងអនុវត្តកម្មវិធីទំនើបកម្មយោធាដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីទប់ទល់នឹងការវាយប្រហាររបស់ចិន រួមទាំងអាវុធទំនើបៗដូចជាមីស៊ីលជាដើម។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ