ភ្នំពេញ ៖ លោក ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ត្រូវកៀងគរប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីមិនទាន់បានគ្រប់តាមផែនការគ្រោងទុក ចំនួន១០លាននាក់នៅឡើយ។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក ឱ វណ្ណឌីន បានថ្លែងថា «សូមជម្រាបជូន ឯកឧត្តម លោកជំទាវ ជ្រាបថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ មិនទាន់បានគ្រប់តាមផែនការដែលបានគ្រោងទុក ចំនួន១០លាន នាក់នៅឡើយ ដែលតម្រូវឲ្យអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួន ព្រមទាំងរៀបចំផែនការ និងចលនាលើកទឹកចិត្តពួកគាត់ ឲ្យមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តឲ្យបានទាន់ពេលវេលានៅតាមទីតាំងដែលកំពុងដំណើរការចាក់ វ៉ាក់សាំងកូវីដ-១៩ក្នុងពេលបច្ចុប្បន្ននេះឲ្យបានគ្រប់ៗគ្នា»។

លោកស្រី ក៏បានពិនិត្យឃើញថា នៅមានប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងមួយចំនួនមិនទាន់បានមកចាក់ វ៉ាក់សាំងកូវីដ-១៩ ដោយសារមូលហេតុផ្សេងៗ (ដូចជាពលករ ឬប្រជាពលរដ្ឋ ឬនិស្សិត ដែលបានវិលត្រឡប់មកពីបរទេស ហើយទើបបានបញ្ចប់ការធ្វើចត្តាឡីស័ក ស្ត្រីទើបសម្រាលកូនរួច និងមូលហេតុផ្សេងៗទៀត) ដូចនេះ អភិបាលរាជធានី-ខេត្ត ត្រូវចាត់ចែងរៀបចំជាប់ជាប្រចាំទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលប្រជាពលរដ្ឋងាយស្រួលទៅទទួលយកសេវាចាក់វ៉ាក់សាំងកូវីដ-១៩។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៩,៧១៧,២៥៨នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ