ស្ថានភាពកាន់តែធ្ងន់ ! វៀតណាម បញ្ជូនកងទ័ព១,០០០ នាក់ ធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញ ដើម្បីគ្រប់គ្រងកូវីដ ក្រោយចំនួនអ្នកឆ្លងកើនឡើងឥតឈប់
ហូជីមិញ៖ ក្រុមគ្រូពេទ្យនិងពេទ្យយោធាប្រមាណ១.០០០ នាក់នឹងមកដល់ទីក្រុងហូជីមិញនៅចន្លោះថ្ងៃសៅរ៍និងថ្ងៃច័ន្ទដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ នេះបើយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មាន VN Express ៕
ក្រុមគ្រូពេទ្យរួមមានវេជ្ជបណ្ឌិត ១២០ នាក់មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមនៅទីក្រុងហាណូយ និងនិស្សិត ១៨០នាក់។ មានបុគ្គលិកពេទ្យយោធាប្រហែល ២.៣០០ នាក់រួចហើយនៅក្នុងទីក្រុង។ កងទ័ពនិងសហការីមកពីភូមិភាគទី ៧ ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញនឹងត្រូវចេញបេសសកម្មទៅតាមផ្ទះប្រជាជនដោយមិនអោយពួកគាត់ទៅខាងក្រៅ។
ក្រុមគ្រូពេទ្យភាគច្រើននឹងត្រូវបំពេញកាតព្វកិច្ចនៅទីក្រុងហូជីមិញជាមួយអ្នកដែលនៅសេសសល់ឆ្ពោះទៅតំបន់ភាគខាងត្បូងផ្សេងទៀត។ពួកគេនឹងត្រូវបែងចែកជាក្រុមតូចៗសម្រាប់ធ្វើតេស្តនិងចាក់វ៉ាក់សាំង ព្យាបាលកូវីដដល់អ្នកជំងឺដទៃទៀតនិងផ្តល់អាហារនៅក្នុងទីក្រុង។
អនុរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Vo Minh Luong ប្រធានក្រុមការងារពិសេស Covid-19 របស់រដ្ឋាភិបាលនៅទីក្រុងហូជីមិញបាននិយាយនៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលថា កងទ័ពនឹងបញ្ជូនស្បៀងអាហារនិងរបស់របរចាំបាច់ផ្សេងទៀតដល់គ្រួសារនីមួយៗនៅក្នុងទីក្រុងរយៈពេល ១៥ ថ្ងៃចាប់ពីថ្ងៃច័ន្ទ។
លោក Do Quyet នាយកសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមបាននិយាយថា ក្រុមគ្រូពេទ្យនីមួយៗដែលមានវេជ្ជបណ្ឌិតពីរនាក់និងនិស្សិតបីនាក់មកពីសាកលវិទ្យាល័យនឹងទៅសួរសុខទុក្ខនិងព្យាបាលអ្នកជំងឺ Covid-19 ដែលកំពុងស្នាក់នៅផ្ទះ។
មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងនឹងសម្របសម្រួលជាមួយអាជ្ញាធរគ្រប់ស្រុកនិងទីក្រុងធូឌឹកដើម្បីស្ទង់មើលតម្រូវការម្ហូបអាហារដែលរដ្ឋាភិបាលផ្តល់ឱ្យដោយឥតគិតថ្លៃ។
យ៉ាងណាមិញ ទីក្រុងដែលមានប្រជាជនចំនួន ១៣ លាននាក់បានកំណត់ក្នុងការបិទខ្ទប់ ជាបន្តបន្ទាប់ដោយនៅចុងក្រោយ គឺរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា។ ប្រជាជនត្រូវបានហាមឃាត់មិនឱ្យចេញក្រៅនៅចន្លោះម៉ោង ៦ ល្ងាច និងម៉ោង ៦ ព្រឹកលើកលែងតែមូលហេតុជាក់លាក់ដូចជាការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ។
គួរបញ្ជាក់ថា នៅក្នុងរលកកូវីដថ្មីបំផុតដែលបានវាយប្រហារនៅចុងខែមេសាទីក្រុងហូជីមិញមានអ្នកឆ្លងចំនួន ១៦៧.៧១៧ នាក់និងស្លាប់ចំនួន ៥.៩៣៩ នាក់។ ដោយឡែក ករណីឆ្លងទូទាំងសរុប ៣១៩.២១០នាក់ និងស្លាប់ ៧.៥០៥ នាក់។ RT