តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា កងកម្លាំងទ័ពអាកាសរបស់កោះតៃវ៉ាន់បានហោះស្កាត់ក្រុមយន្តហោះយោធាចិនចំនួន ១៨ គ្រឿងដែលបានចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ឧសភា ២០២២។

តៃវ៉ាន់តែងតែរិះគន់ជានិច្ច ចំពោះសកម្មភាពជាដដែលៗនេះ របស់យន្តហោះយោធាចិន ខណៈក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ វាបានក្លាយជារឿងកើតឡើងជាប្រចាំទៅហើយ។ ទីក្រុងប៉េកាំងបានអះអាងថា សកម្មភាពនេះ គឺជាបេសកកម្មដើម្បីការពារ អធិបតេយ្យភាពរបស់ប្រទេសចិន និងដើម្បីទប់ទល់ការគប់គិតរបស់តៃវ៉ាន់ជាមួយកម្លាំងបរទេស គឺចង់សំដៅលើការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះទីក្រុងតៃប៉ិ។

បច្ចុប្បន្ន តៃវ៉ាន់ក៏កំពុងស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដោយសារតែក្តីបារម្ភថា ចិនអាចប្រើប្រាស់ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ដើម្បីធ្វើសកម្មភាពស្រដៀងគ្នាមកលើដែនកោះនេះ ដែលត្រូវទីក្រុងប៉េកាំង ចាត់ទុកត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន។

ដោយឡែក ប្រទេសជប៉ុនក្នុងសប្តាហ៍នេះ បានរាយការណ៍ថា នាវាកងទ័ពជើងទឹកចិនចំនួន៨គ្រឿង រួមទាំងនាវាផ្ទុកយន្តហោះមួយគ្រឿង បានឆ្លងកាត់រវាងកោះនានាក្នុងខ្សែសង្វាក់ អូគីណាវ៉ាភាគខាងត្បូងរបស់ប្រទេសជប៉ុនទៅកាន់ភាគឦសាននៃកោះតៃវ៉ាន់។

យ៉ាងណាមិញ ប្រទេសចិនមិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីនាំយកតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ ហើយច្រកសមុទ្រតៃវ៉ាន់នៅតែជាចំណុចគ្រោះថ្នាក់។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ