នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកធ្វើដំណើរមកដល់ទីក្រុងប៊ូសាន ដើម្បីចូលរួមសមយុទ្ធជាមួយកូរ៉េខាងត្បូង និងជប៉ុន
ប៊ូសាន៖ នាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងរបស់សហរដ្ឋអាមេរិ USS Nimitz បានធ្វើដំណើរមកដល់ទីក្រុងកំពង់ផែ ប៊ូសាន ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK World នៅថ្ងៃទី ២៩ មីនា ២០២៣។
លោកឧត្តមនាវីទោ Christopher Sweeney បានប្រាប់អ្នកយកព័ត៌មាននៅលើនាវាថា សម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូងបានត្រៀមរួចរាល់ ដើម្បីសម្របខ្លួនទៅនឹងបញ្ហាប្រឈម រួមទាំងការគំរាមកំហែងថ្មីៗ សំដៅធានាសុវត្ថិភាពដល់ប្រជាជនកូរ៉េ និងអាមេរិកជំនាន់ក្រោយ។
សមយុទ្ធ Ssangyong រយៈពេលពីរសប្តាហ៍ ជុំវិញឧបទ្វីបកូរ៉េ គឺជាសមយុទ្ធដែនសមុទ្រដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក្នុងរយៈពេល 5 ឆ្នាំ។
គួរបញ្ជាក់ផងដែរថា សមយុទ្ធ Ssangyong បានប្រើនាវាជាង 30 គ្រឿង និងយន្តហោះ 70 គ្រឿង និងនាវាវាយលុកប្រហែល 50 គ្រឿង គ្រោងនឹងចូលរួមក្នុងសមយុទ្ធរហូតដល់ថ្ងៃច័ន្ទ នេះបើយោងតាមក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង៕RT