គ្រោះរញ្ជួយដីកម្រិត៦រ៉ិចទ័រ ប្រហារភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ ផ្តាច់ជីវិតមនុស្សយ៉ាងតិច៣នាក់ និងបង្កឱ្យរបួសរាប់រយនាក់
តេហេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៉ីរ៉ង់ បានរាយការណ៍ថា កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ គ្រោះរញ្ជួយដីមួយកម្រិត៥.៩រ៉ិចទ័រ បានវាយប្រហារចំភាគពាយព្យនៃប្រទេសអ៉ីរ៉ង់ ក្បែរព្រំប្រទល់ជាមួយប្រទេសតួកគី ដែលជាលទ្ធផលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣នាក់បាត់បង់ជីវិត និងរាប់រយនាក់ទៀតរងរបួស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ២៩ មករា ២០២៣។
គ្រោះរញ្ជួយដីខាងលើមានជម្រៅរាក់ ហើយចំណុចរំញ័រកណ្តាលរបស់វា ស្ថិតនៅទីក្រុងខូយ (Khoy) នៃខេត្តអាស៊ែបៃហ្សង់ខាងលិច (West Azerbaijan)។ ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ IRNA បានរាយការណ៍ថា ក្រោយហេតុការណ៍ដែលបានកើតឡើង នៅម៉ោងជិត១០យប់ថ្ងៃសៅរ៍នោះ គឺមានមនុស្សយ៉ាងតិច៣នាក់ស្លាប់ និងចន្លោះប្រហែល៤០០-៥០០នាក់រងរបួស។ រីឯលំនៅឋាននិងអគារផ្សេងជាច្រើន ដែលនៅក្នុងតំបន់រងការវាយប្រហារ ក៏បានរងការខូចខាតនិងបំផ្លិចបំផ្លាញផងដែរ។
គួរបញ្ជាក់ថា ទីតាំងភូមិសាស្រ្តរបស់អ៉ីរ៉ង់ គឺស្ថិតនៅចំព្រំប្រទល់នៃផ្លាកតិចតូនិចធំៗមួយចំនួនរបស់ផែនដី ជាហេតុនាំឱ្យប្រទេសមួយនេះ តែងទទួលរងការវាយប្រហារដោយរញ្ជួយដីជាញឹកញាប់៕