អន្តរជាតិ៖ ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាត្យូ លូឡា ដាស៊ីលវ៉ា បានប្រកាសគ្រាអាសន្ននៅក្នុងសង្កត់សហព័ន្ធនៃរដ្ឋធានី ប្រាស៊ីលីយ៉ា បន្ទាប់ពីអ្នកគាំទ្ររាប់ពាន់នាក់របស់អ្នកកាន់តំណែងមុនរបស់លោក គឺលោក ហ្សាអៀ បុលសូណារ៉ូ បានវាយលុកអគារសភា តុលាការកំពូល និងវិមាន Planalto ប្រធានាធិបតី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី០៩ មករា ២០២៣។
អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល លោក ហ្សាអៀ បុលសូណារ៉ូ បានសម្រុកចូលអគារសភាក្នុងរដ្ឋធានី ប្រាស៊ីលីយ៉ា។ ពួកគេបដិសេធទទួលស្គាល់បរាជ័យរបស់អតីតប្រធានាធិបតីរូបនេះ នៅក្នុងការបោះឆ្នោតដែលបានធ្វើឡើងកាលពីឆ្នាំមុន។
ជាមួយគ្នានេះ អាជ្ញាធរបានប្រកាសថា មនុស្សយ៉ាងហោចណាស់ ៣០០នាក់ត្រូវបានចាប់ឃុំខ្លួន ខណៈដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានព្រមានថា ការចាប់ខ្លួននឹងបន្តពេញមួយយប់ ខណៈដែលអាជ្ញាធរកំពុងព្យាយាមកំណត់អត្តសញ្ញាណអ្នកគ្រប់គ្នា ដែលជាប់ពាក់ព័ន្ធក្នុងអ្វីដែលពួកគេហៅថា ជាអំពើភេរវកម្ម និងការប៉ុនប៉ងធ្វើរដ្ឋប្រហារ៕RT