សេតវិមាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការទាក់ទងទៅកាន់ប្រទេសកូរ៉េខាងជើង តែមិនបានទទួលការឆ្លើយតបទេ
វ៉ាស៊ីនតោន៖ សេតវិមានបាននិយាយនៅថ្ងៃច័ន្ទនេះថា ប្រទេសកូរ៉េខាងជើងបានបដិសេធនូវការសុំសំរុះសំរួលរបស់សហរដ្ឋអាមេរិកក្នុងការចូលរួមក្នុងកិច្ចសន្ទនា ខណៈដែលភាពចំរូងចំរាស់នៅក្នុងទំនាក់ទំនងដែលបានចាប់ផ្តើមឡើងតាំងពីក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ដូណាល់ត្រាំ ដែកបានបន្តរហូតមកដល់អណត្តិរបស់ ប្រធានាធិបតីថ្មី លោក Joe Biden ។
ប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរបានបោះបង់ចោលការទូតជាមួយលោក Trump ទោះបីជាលោកនិងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជួបប្រជុំជំនួបកំពូលចំនួន ៣ និងផ្លាស់ប្តូរលិខិតជាបន្តបន្ទាប់ក៏ដោយ។
លោក Trump បានបដិសេធចំពោះការសុំសំរុះសំរួលរបស់កូរ៉េខាងជើងឱ្យបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង លើកលែងតែលោក គីម ចាត់វិធានការរុះរើកម្មវិធីនុយក្លេអ៊ែររបស់លោក ដែលលោកបានបដិសេធមិនធ្វើ។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់អ្នកសារព័ត៌មានថា មន្រ្តីសហរដ្ឋអាមេរិកបានធ្វើការទាក់ទងទៅកាន់ប្រទេសកូរ៉េខាងជើងតាមរយៈបណ្តាញមួយចំនួនចាប់តាំងពីបានចូលកាន់តំណែងជិតពីរខែកន្លងមក។ លោកស្រីបន្តថា “គោលដៅរបស់យើងគឺ កាត់បន្ថយហានិភ័យនៃភាពចំរូងចំរាស់កាន់តែកើនឡើង ប៉ុន្តែមកដល់ពេលនេះយើងមិនទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយទេ” ។
យ៉ាងណាម៉ិញ លោកស្រីមិនបានបញ្ជាក់លម្អិតអំពីបញ្ហានៃការកើនឡើងដែលសហរដ្ឋអាមេរិកព្រួយបារម្ភនោះទេ។ លោកស្រីបន្ថែមថា រដ្ឋបាលកំពុងពិគ្រោះជាមួយអតីតមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានចូលរួមក្នុងគោលនយោបាយរបស់កូរ៉េខាងជើងពីរដ្ឋបាលកន្លងមក ខណៈពេលដែលកំពុងស្វែងរកធនធាន ពីសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូង។