អង់ការ៉ា៖ អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគី បានសម្លាប់សមាជិកនៃគណបក្សពលករឃឺដ (PKK) ដែលត្រូវបានចោទប្រកាន់ថាជាអ្នករចនា និងផលិតយន្តហោះដ្រូន សម្រាប់ក្រុមនេះ នៅក្នុងប្រតិបត្តិការឆ្លងព្រំដែននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០២៣។

ដោយដកស្រង់ប្រភពសន្តិសុខអនាមិកដែលឲ្យដឹងថា ចារកម្មតួកគីលោក Tekin Okan ដែលត្រូវបានគេស្គាល់ដោយឈ្មោះកូដ “Deniz Bahri” នៅក្នុងតំបន់ហ្គារ៉ា ភាគខាងជើងប្រទេសអ៊ីរ៉ាក់។

លោក Tekin ត្រូវបានគេរាយការណ៍ថា បានធ្វើការវាយប្រហារដោយយន្តហោះដ្រូននៅក្នុងខេត្ត Sirnak របស់តួកគីក្នុងឆ្នាំ២០១៨ និងពីរផ្សេងទៀតនៅលើអាកាសយានដ្ឋាន Diyarbakir និង Batman ក្នុងឆ្នាំ២០២១។ លោកបានរចនា និងផលិតយន្តហោះដ្រូន ដែលប្រើក្នុងការវាយប្រហាររបស់ក្រុម PKK លើកងកម្លាំងសន្តិសុខតួកគី ហើយកំពុងធ្វើដំណើររវាងស៊ីរី និងអ៊ីរ៉ាក់។

អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគី បានបង្កើនប្រតិបត្តិការឆ្លងព្រំដែនរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់នាពេលថ្មីៗនេះ ជាពិសេសនៅទីក្រុងហ្គារ៉ា ហើយបានសម្លាប់សមាជិកជាន់ខ្ពស់ PKK យ៉ាងហោចណាស់បីនាក់ផ្សេងទៀតនៅក្នុងតំបន់កាលពីសប្តាហ៍មុន។

គួរបញ្ជាក់ផងដែរថា ក្រុម PKK ដែលត្រូវបានចុះបញ្ជីជាអង្គការភេរវករដោយតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគី អស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ