ប៉េកាំង៖ប្រទេសចិនបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការកសាងទំនាក់ទំនងផ្នែកយោធាកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី។ ការណ៍នេះសបញ្ជាក់ឱ្យឃើញថា ទីក្រុងមូស្គូនៅតែបន្តទទួលបានការគាំទ្រពីទីក្រុងប៉េកាំង បើទោះបីជាខ្លួនទើបតែជួបជាមួយបញ្ហាការបះបោរបរាជ័យរបស់ក្រុមទាហានស៊ីឈ្នួល វ៉ែកណឺ (Wagner) ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៤ កក្កដា ២០២៣។

រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វ៊ូ (Li Shangfu) បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយលោក នីកូឡាយ យ៉េវម៉េនូវ (Nikolai Yevmenov) អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ីថា «ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា ទំនាក់ទំនងរវាងយោធារបស់ភាគីទាំងពីរនឹងបន្តកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត ធ្វើឱ្យមានវឌ្ឍនភាពថ្មីៗជាបន្តបន្ទាប់ និងឈានដល់កម្រិតថ្មីមួយទៀត»។

លោក លី បានឱ្យដឹងថា លោកសង្ឃឹមថាកងទ័ពជើងទឹកទាំងពីរអាចពង្រឹងទំនាក់ទំនង ធ្វើសមយុទ្ធរួមគ្នាជាទៀងទាត់ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិពីទីក្រុងប៉េកាំង។

គួរដឹងដែរថា ប្រទេសចិនបានរក្សាទំនាក់ទំនងល្អជាមួយលោក ពូទីន ចាប់តាំងពីមេដឹកនាំរុស្ស៊ីម្នាក់នេះបានបញ្ជាឱ្យមានការឈ្លានពានទឹកដីរបស់ប្រទេសអ៊ុយក្រែនកាលពីដើមឆ្នាំ២០២២ កន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះ ចិនក៏បានបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកជុំវិញបញ្ហាសង្គ្រាមឈ្លានពានទៀតផង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ