ដូហា៖ មេដឹកនាំជប៉ុនបានទៅទស្សនកិច្ចកាតា ដែលជាប្រទេសសម្បូរឧស្ម័ន ដោយផ្តោតសំខាន់លើសន្តិសុខថាមពល និងកិច្ចសហប្រតិបត្តិការជាមួយអ្នកផ្គត់ផ្គង់សំខាន់ៗរបស់ទីក្រុងតូក្យូ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ កក្កដា ២០២៣។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បានប្រាប់សន្និសិទកាសែតក្នុងទីក្រុងដូហា ថា មេដឹកនាំជប៉ុន និងរដ្ឋឈូងសមុទ្របានពិភាក្សាអំពីវិធីដោះស្រាយជាមួយបញ្ហាថាមពល ខណៈការផ្គត់ផ្គង់ជួបអស្ថិរភាព ដោយសារការលុកលុយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។ ជប៉ុនបានពឹងផ្អែកស្ទើរតែទាំងស្រុងលើការនាំចូលប្រេងឆៅពីក្រៅប្រទេស ក្នុងនោះអារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម និងកាតា ជាប្រទេសផ្គត់ផ្គង់ភាគច្រើនរបស់ប្រទេសជប៉ុន។

ប៉ុន្តែនៅពេលដែលរដ្ឋឈូងសមុទ្រឆ្ពោះទៅរកប្រភពថាមពលស្អាតនោះ ប្រទេសជប៉ុនបាននិយាយថា ខ្លួនសង្ឃឹមថា នឹងផ្តល់ជូននូវបច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងបៃតងជាងមុន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយកាបូនរបស់ពួកគេ។ ពាក់ព័ន្ធនឹងរឿងនេះដែរ លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មានថា តាមរយៈការរួមបញ្ចូលភាពខ្លាំងរៀងៗខ្លួននៃរដ្ឋឈូងសមុទ្រ និងជប៉ុន ក្រុមហ៊ុនផលិតប្រេងនៅមជ្ឈិមបូព៌ានឹងត្រូវបានផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលថាមពលបៃតងសកល។

គួរបញ្ជាក់ថា ចិន ជប៉ុន កូរ៉េខាងត្បូង ព្រមទាំងបណ្តាប្រទេសអាស៊ី និងអឺរ៉ុបផ្សេងទៀត គឺជាទីផ្សារសំខាន់សម្រាប់ឧស្ម័នកាតា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនកាលពីដើមឆ្នាំមុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ