ភ្នំពេញ ៖ អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា តាមរយៈការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ក្រុមហ៊ុនថ្នាំជក់ នៅតែបន្តប្រើប្រាស់យុទ្ធសាស្រ្តផ្សព្វផ្សាយពាណិជ្ជកម្មខុសច្បាប់ ទៅកាន់ក្រុមគោលដៅ ដែលជាយុវជន ក្នុងប្រទេសកម្ពុជា។

ការស្រាវជ្រាវនេះ ធ្វើឡើងក្រោមការសហការពីអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Dearkin នៅប្រទេសអូស្រ្តាលី ជាមួយ អង្គការចលនាដើម្បីសុខភាពកម្ពុជា ដែលជាអង្គការធ្វើការងារទាក់ទង នឹងសុខភាពសាធារណៈ នៅកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMH នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា «ការស្រាវជ្រាវនេះ បានបង្ហាញថា ជាងពាក់កណ្ដាលនៃសំណាកនៅក្នុងការស្រាវជ្រាវនេះ បានរំលឹកពីយុទ្ធសាស្រ្តផ្សាយពាណិជ្ជកម្មខុសច្បាប់របស់ក្រុមហ៊ុនថ្នាំជក់នៅក្នុងប្រទេសកម្ពុជា រួមបញ្ចូលទាំងការផ្សាយពាណិជ្ជកម្មនៅតាមតូបលក់រាយ និងតាមប្រព័ន្ធអ៊ិនធឺណែត»។ 

CMH បានបន្ដថា អ្នកចូលរួម នៅក្នុងការស្រាវជ្រាវនេះ ក៏បានបន្ថែមថា អ្នកតំណាងក្រុមហ៊ុនថ្នាំជក់ បានទៅជួបទំនាក់ទំនងជាមួយពួកគេ ដើម្បីផ្តល់បារី និងទំនិញដោយឥតគិតថ្លៃផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ពួកគេក៏បានរៀបរាប់ពីការផ្សព្វផ្សាយលក់ជាលក្ខណៈឯកជនខុសច្បាប់នៅតាមទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញ ដូចជានៅក្នុងហាងកាហ្វេ ភោជនីយដ្ឋានបារ សូម្បីតែនៅក្នុងព្រះរាជពិធីបុណ្យអុំទូក និង ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម។

CMH បានបន្ថែមថា នៅក្រោមច្បាប់ ស្តីពី ការគ្រប់គ្រងថ្នាំជក់ យុទ្ធសាស្រ្តផ្សាយពាណិជ្ជកម្មថ្នាំជក់ទាំងនេះ ត្រូវបានហាមឃាត់ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៥មកម្ល៉េះ។ ផ្ទុយទៅវិញ ការស្រាវជ្រាវនេះផ្តល់ភស្តុតាងយ៉ាងច្បាស់លាស់ថា ក្រុមហ៊ុនថ្នាំជក់នៅកម្ពុជា នៅតែបន្តបំពានច្បាប់នេះជាញឹកញាប់នៅតាមទីកន្លែងសាធារណៈទូទាំងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សារបស់អង្គការសហប្រជាជាតិឆ្នាំ ២០១៩ បានប៉ាន់ប្រមាណថា ប្រជាជនកម្ពុជាប្រមាណ ១៥,០០០ នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារការប្រើប្រាស់ថ្នាំជក់ ជាមួយនឹងការចំណាយប្រចាំឆ្នាំប្រហែល ៣% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសប្រចាំឆ្នាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ