បរទេស៖ គ្រោះរញ្ជួយដីនៅបាតសមុទ្រដ៏ខ្លាំងមួយបានអង្រួនភាគខាងលិចប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមករានេះ ប៉ុន្តែ ភ្លាមៗនោះ មិនទាន់មានរបាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរ ឬអ្នកស្លាប់និងរបួសនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៦ មករា ២០២៣។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា ការរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បានកើតឡើង នៅចម្ងាយ ៤៨គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង ស៊ីងគីល (Singkil) ដែលជាស្រុកឆ្នេរសមុទ្រ ក្នុងខេត្ត អាដចេះ (Aceh) ក្នុងជម្រៅ៣៧ គីឡូម៉ែត្រ។ រញ្ជួយដីនេះបានកើតឡើងនៅម៉ោងប្រហែល ៦៖៣០ ព្រឹក ហើយ USGS បានកែប្រែវាពីការវាស់វែងដំបូងរបស់ខ្លួន នៅកម្រិត ៦.០ រ៉ិចទ័រ ជាមួយនឹងជម្រៅ ៤៨ គីឡូម៉ែត្រ។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី (BMKG) ក៏បានដាក់កម្រិត ៦.២ ហើយបាននិយាយថា មិនមានការគំរាមកំហែងនៃរលកយក្សស៊ូណាមិនោះទេ ខណៈដែលទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះបាននិយាយថា មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ ឬការខូចខាតធំដុំនោះទេ៕