(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ និងមិនមានអ្នកជាសះស្បើយ ក៏ប៉ុន្តែមានករណីសង្ស័យវិជ្ជមានកូវីដ១៩ ចំនួន០១នាក់ នៅខេត្តសៀមរាប។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា វត្ថុសំណាករបស់អ្នកសង្ស័យវិជ្ជមាននេះ ត្រូវបានបញ្ជូនពីមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យខេត្តសៀមរាប នាពាក់កណ្តាលយប់មិញ មកធ្វើការបញ្ជាក់នូវភាពអាចវិជ្ជមានវីរុសកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ដោយរង់ចាំលទ្ធផលនៃការបញ្ជាក់ភាពវិជ្ជមានវីរុសកូវីដ-១៩នេះ នៅថ្ងៃទី០៤ ខែតុលានេះសិន ហើយក្រសួងនឹងជូនព័តមានដល់សាធារណជន នៅពេលបានទទួលលទ្ធផលនេះ នៅថ្ងៃស្អែកទី០៥ ខែតុលា ឆ្នាំ២០២០។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៨នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែចំនួន០១នាក់ មន្ទីរពេទ្យខេត្តសៀមរាប ចំនួន០១នាក់ និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំនួន០១នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ